រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីបង្សុកូល និងគោរពព្រះវិញ្ញាណក្ខន្ធខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ
AKP សៀមរាប ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបង្សុកូល និងគោរពព្រះវិញ្ញាណក្ខន្ធនេះ គឺខួបគម្រប់១៣ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)។

ការរៀបចំពិធីនេះឡើង គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ពោរពេញទៅដោយភក្តីភាព ដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្ររបស់ព្រះអង្គ ក្នុងនោះមានការទាមទារបានឯករាជ្យទាំងស្រុងពីអាណានិគមនិយបារាំង និងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួម ផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។

គំរូវីរភាពរបស់ព្រះអង្គធ្វើឱ្យយើងចងចាំជានិច្ច នឹងយកជាគម្រូតាម ជាពិសេស រាជរដ្ឋាភិបា កម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន គ្រប់វិស័យឡើងថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្ត្រមានជីវភាពកាន់តែល្អប្រសើរឡើង៕


ដោយ ឃុត សៅ





