អភិបាលខេត្តតាកែវចុះពិនិត្យបន្ទាន់ និងដាក់វិធានការទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់ នៅស្រុកអង្គរបូរីខេត្តតាកែវ
AKP តាកែវ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យផ្ទាល់ដល់ទីតាំងអំពីស្ថានភាពទឹកជំនន់ ដែលបានជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ1TK8 ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរអង្គភាពជំនាញទាំងអស់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការងារទប់ស្កាត់គ្រោះមហន្តរាយ និងគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលអាចកើតឡើងដោយយថាហេតុ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលនេះផ្លូវលើខ្នងប្រឡាយ១២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកតាផឃុំគោកធ្លកស្រុកអង្គរបុរីខេត្តតាកែវ ត្រូវបានទឹកភ្លៀងជន់លិចជាអន្លើៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បណ្ដាលមកពីការហូរច្រោះនាំឱ្យដាច់ផ្លូវ។ បញ្ហានេះសូមមន្ទីរធនធានទឹកនិងឧតុនិយម ខិតខំតាមដានការប្រែប្រួលនៃទឹក ផ្តល់ព័ត៌មានឱ្យដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ចំណែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមបង្ការពូជស្រូវប្រដេញទឹកសម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋពេលដែលទឹកស្រក។ឯពេទ្យសត្វត្រូវត្រៀមថ្នាំបង្ការជំងឺផ្សេងៗ ដែលអាចកើតឡើងដល់សត្វពាហនៈ បណ្ដាលមកពីជំនន់ទឹកភ្លៀងនេះ។ មន្ទីរសុខាភិបាលត្រូវត្រៀមបង្ការថ្នាំពស់ចឹកសត្វទិចឬខាំ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមមធ្យោបាយសម្រាប់ជួសជុលផ្លូវក្រោយពេលដែលទឹកស្រក។ អាជ្ញាធរក្រុង-ស្រុកត្រូវពិនិត្យឱ្យប្រាកដថា ទីទួលសុវត្ថិភាពបានគិតគូររួចហើយ ក្នុងករណីកើតហេតុផ្សេងៗ ត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលក្រុង-ស្រុកឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា។ បើមានបញ្ហាអ្វីកើតឡើង សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ហើយក៏ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីជៀសវាងការកើតមានជំងឺដង្កាត់ផ្សេងៗនារដូវនេះផងដែរ៕
ដោយ អ៊ុច សៀង





