ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ដោយទទួលបានការអនុញ្ញាតពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារកសាងកម្លាំងប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងយោធិននៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ទាំងអស់ចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពី យោធិនដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៦និងឆ្នាំ២០២៥ចុះជូនគណៈអធិបតីនិងអង្គពិធីទាំងមូលជូនជ្រាប់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានមតិសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់យោធិនទាំងអស់នៃកងរាជអាវុធហត្ថកំពង់ធំ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបាបញ្ជាក់អំពីការដាក់យោធិនដល់អាយុចូលនិវត្តន៍គឺខុសៗគ្នា អាស្រ័យទៅតាមឋានន្តរសក្តិរបស់យោធិននីមួយៗ និងផ្អែកទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជារបស់យើងនិងបានពន្យល់បន្ថែមក្នុងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្ដមនាយឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយចូលនិវត្តន៍។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានថ្លែងអំណរគុណដល់យោធិនគ្រប់រូបដែលខិតខំប្រឹងបំពេញការងាររបស់ខ្លូននាពេលកន្លងមកបានល្អ និងមានភាពទទួលខុសត្រូវខ្ពស់ និងបានជូនពរយោធិនទាំងអស់ឱ្យមានសុខភាពល្អដើម្បីដឹកនាំក្រុមគ្រួសារបន្តឱ្យរីកចម្រើនទៅទៀតនិងមានជីវភាពល្អប្រសើរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ កងរាជអាវុធហត្ថខេត្តកំពង់ធំ)





