រដ្ឋបាលខេត្តក្រចេះប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាព មន្រ្តីរាជការជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៦ សិស្សានុសិស្ស រួមនិងយុវជនធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធខួបគម្រប់១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ក្នុងពិធីនេះក៏មានការរៀបចំធ្វើពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធ ស្ថិតក្នុងទឹកមុខក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ។


ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជននៅទូទាំងខេត្តក្រចេះទាំងមូលបានចាត់ទុកការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណ ភាពទឹកដី ផ្សះផ្សា បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តក្រចេះ)





