ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រចាំកម្ពុជាកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥---
ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជាបានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យ អប់រំ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្តេក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់អប់រំដែលប្រកបដោយគុណភាពផងដែរ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រចាំកម្ពុជាយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងវិស័យអប់រំនាពេលកន្លងមក ជាពិសេសតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់មួយដល់ការអភិវឌ្ឍធនធានមនុស្សនៅទីម័រឡេស្តេ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេសកកម្មថ្មីរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានលើកឡើងពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងអប់រំ
យុវជន និងកីឡា ក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យអប់រំឌីជីថល និងកីឡា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានចែករំលែកនូវបទពិសោធសំខាន់ៗនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ ជាពិសេសការផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យា (STEM) និងអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សស្របតាមបំណិនសតវត្សទី២១។


ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារៈសំខាន់នៃការផ្លាស់ប្តូរកម្មវិធីសិក្សា ដើម្បីពង្រឹងចំណងមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងជឿជាក់ថាទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្តេ នឹងបន្តរីកចម្រើនទៅមុខកាន់តែល្អប្រសើរឡើងថែមទៀត។

សូមជម្រាបថា នៅពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសទីម័រខាងកើតកាលពីខែសីហា ឆ្នាំ២០១៦ សម្តេចបានសន្យាផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន១០កន្លែងដល់និស្សិតទីម័រខាងកើតមកសិក្សានៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្តល់អាហារូបករណ៍នេះបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩។ ការសិក្សារបស់និស្សិតទាំង១០នាក់ (ជំនាន់ទី១) បានបញ្ចប់ដោយជោគជ័យកាលពីឆ្នាំ២០២៣ ហើយកម្ពុជាបានបន្តផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតចំនួន១០នាក់ផ្សេងទៀតជាជំនាន់ទី២ ដែលបានចូលរៀនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ជាវគ្គសិក្សាទី១ នៃឆ្នាំសិក្សា ២០២៤-២០២៥។ បច្ចុប្បន្ននិស្សិតជំនាន់ទី២កំពុងសិក្សាវគ្គសិក្សាទី២ នៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រខាងកើត លើវិស័យអប់រំឱ្យកាន់តែប្រសើឡើងភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឧត្តមសិក្សា និងវិទ្យាសាស្ត្រផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





