ឯកឧត្តម ឈុំ ឆុនលី ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ក្នុងស្រុកភ្នំស្រុក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយអាជ្ញាធរដែនដី បានជួបប្រជុំពិភាក្សាការងារ និងពិនិត្យវាយតម្លៃលើការងារកសិកម្ម នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ ពីមេឃុំស្រះជីក ព្រមទាំងក្រុមប្រឹក្សាឃុំ ដែលបានកំពុងបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានយ៉ាងសកម្ម ដោយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ណ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលមានសេវាសាធារណៈល្អជាងគេ។ ឯកឧត្តម និងក្រុមការងារក៏បានសំណេះសំណាល និងសួរសុខទុក្ខ ប្រជាកសិករដាំដំណាំដំឡូងមី និងបានពិនិត្យមើលពីស្ថានភាពដាំដំណាំរបស់បងប្អូនប្រជាកសិករ ស្ថិតនៅឃុំស្រះជីក ស្រុកភ្នំស្រុក។

ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តាំផ្ញើដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ អាជ្ញាធរ មេឃុំ ក្រុមប្រឹក្សាឃុំ និងមន្រ្តីឃុំទាំងអស់បន្តព្យាយាមពង្រឹងការងារបម្រើសេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។ ចំពោះការងារកសិកម្មនៅតំបន់នេះសង្ឃឹមថាដំណាំឧស្សាហកម្ម និងតម្លៃទីផ្សារដំណាំឧស្សាហកម្ម នៅខេត្តបន្ទាយមានជ័យនឹងកាន់តែមានភាពល្អប្រសើរផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





