ឯកឧត្តម ឆាយ ឫទ្ធិសែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបដ៏មានសារៈសំខាន់នាពេលនេះនិងអរគុណ ចំពោះភាគីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូវេន ដែលបានធ្វើការអន្តរាគមន៍សម្របសម្រួលឱ្យមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នាពេលកន្លងមក។

ឯកឧត្តមក៏បានជម្រាបជូនអំពីការអភិវឌ្ឍរបស់កម្ពុជាក្នុងសន្ទុះដ៏លឿនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានជម្រាបជូនប្រតិភូ អំពីតួនាទី ភារកិច្ច និងសកម្មភាពរបស់ក្រសួង ក្នុងការអន្តរាគមន៍អភិវឌ្ឍន៍នៅតំបន់ជនបទឱ្យមានភាពរីកចម្រើន ដូចជាការរៀបចំភូមិគំរូគន្លិះ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍន៍ឆាប់រហ័ស និងកាត់បន្ថយគម្លាតរវាងជនបទ និងទីក្រុង។ ឯកឧត្តមបានស្នើសូមឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគ្នា និងគ្នាផងដែរ។

ឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី កោតសសើ និងវាយខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើវិស័យអភិរវឌ្ឍន៍ជនបទ នៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

គួរជម្រាបថា ជំនួបដែលប្រព្រឹត្តទៅនាពេលនេះមានគោលរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី ជាមួយក្រសួងអភិឌ្ឍន៍ជនបទនៃប្រទេសកម្ពុជា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





