ចិនប្រាប់ទៅលោក ដូណាល់ ត្រាំ ថា «ការគំរាមកំហែងនៃពន្ធខ្ពស់មិនមែនជាវិធីត្រឹមត្រូវទេ»
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានរុញច្រានការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីពន្ធ ១០០% ទៅលើការនាំចូលរបស់ចិន ដោយបានសង្កត់ធ្ងន់ថា វិធានការបែបនេះមិនមែនជាវិធីត្រឹមត្រូវដើម្បីដោះស្រាយនៅក្នុងទំនាក់ទំនងទ្វេភាគីនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «សហរដ្ឋអាមេរិកបានបន្តដាក់ចេញនូវវិធានការរឹតបន្តឹង និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលផ្តោតសំខាន់ទៅលើប្រទេសចិន ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងនេះ»។
លោក លីន បាននិយាយថា «ជំនួសឱ្យការចូលរួមក្នុងការឆ្លុះបញ្ចាំងខ្លួនឯង សហរដ្ឋអាមេរិកបានងាកទៅរកការគំរាមកំហែងនៃការដំឡើងពន្ធខ្ពស់ ដែលមិនមែនជាវិធីត្រឹមត្រូវក្នុងការដោះស្រាយជាមួយប្រទេសចិននោះឡើយ»។ នេះបើយោងតាមសារព័ត៌មាន Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាកាលពីថ្ងៃសុក្រថានឹងដាក់ពន្ធថ្មី ១០០% ទៅលើទំនិញរបស់ចិន និងរឹតបន្តឹងការនាំចេញ «កម្មវិធីសំខាន់» ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសការរឹតបន្តឹងទៅលើការនាំចេញសារធាតុរ៉ែកម្រ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





