អ៊ីស្រាអែលចាប់ផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- អ៊ីស្រាអែលបានចាប់ផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ពួកអ្នកទោសដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា រថយន្តក្រុងដឹកអ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារ Ofer ភាគខាងលិចនៃទីក្រុងរ៉ាម៉ាល់ឡាហ៍ បានទៅដល់ទីក្រុងបេតទូនៀក្នុងតំបន់វេសប៊ែងហើយ។
ការិយាល័យនោះបាននិយាយថា ក្រុមរថយន្តក្រុងដំបូងមានរថយន្តចំនួន ៣៨គ្រឿងដែលដឹកអ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារNegev នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលក៏បានទៅដល់តំបន់ហ្គាហ្សាស្រ្ទីបផងដែរ។
ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់រានមានជីវិតចំនួន ២០នាក់ នៅក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមានកាលពីថ្ងៃសុក្រ ក្រោមផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីបញ្ចប់សង្រ្គាមអ៊ីស្រាអែលរយៈពេលពីរឆ្នាំនៅតំបន់ហ្គាហ្សា។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧.៨០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ដែលបានបន្សល់ទុកតំបន់នោះស្ទើរតែគ្មានមនុស្សរស់នៅ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





