CMAC សំណូមពរដល់រដ្ឋាភិបាលជប៉ុន ឱ្យបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជា

ក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ២០៣០។ តាមរយៈសំណេរបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹក អញ្ជើញមកបំពេញទស្សនកិច្ចនៅទីបញ្ជាការCMACភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។

ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។
បន្ថែមពីនេះឯកឧត្តមបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាពCMACក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោសសម្អាតមីន ជាមួយអ្នកជំនាញជប៉ុន ដូចជាម៉ាស៊ីនរាវមីនប្រភេទALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ ឯកឧត្តមក៏បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់JICAក្នុងការសហការជាមួយអង្គភាពCMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គញរាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លើសពីនេះឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ មានការភ្ញាក់ផ្អើល និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគឺមានការអភិវឌ្ឍយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ដូចជាព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា។
ក្នុងជំនួបនេះដែរ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនឯកឧត្តមបណ្ឌិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMACលើការងារបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ទន្ទឹមនឹងនេះ តាមរយៈឯកឧត្តមបណ្ឌិត ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំJICAគ្រប់ឋានានុក្រម ដែលតែងតែផ្ដល់ការគាំទ្រនិងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាពCMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព។

សួមជម្រាបជូនថា នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខ្ញុំនិងក្រុមការងារអង្គភាពCMAC បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ JICA បានផ្តល់ជូនរាជរដ្ឋាភិបាលនូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រើនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង៕
ដោយ៖ គង់ សិរីរ័ត្ន





