កម្ពុជា ត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត
AKP ភ្នំពេញថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥– កម្ពុជា ត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត ដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពល។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោពពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) ដែលរៀបចំដោយក្រុមហ៊ុន Universal Alliance Co. Ltd នាសណ្ឋាគារហ៊ីម៉ាវារី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ដារអាហារហាឡា (Halal standard) សម្រាប់ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្តមបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា, ឯកឧត្តម-លោកជំទាវជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ និងតំណាងអង្គទូតវៀតណាម សិង្ហបូរី ចុងភៅប្រចាំសណ្ឋាគារល្បីៗ ពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាង១០០នាក់។

ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាពិព័រណ៌អន្តរជាតិនៅថ្ងៃនេះ ពិតជាបាន បង្ហាញឱ្យឃើញពី កាលានុវត្តភាពកាន់តែប្រសើរ ឡើងសម្រាប់កម្ពុជា ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីក សក្ដានុពល វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេច ដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ពិព័រណ៍បរិក្ខារផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) បញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ ពិសេសគឺការត្រៀមជាស្រេចសម្រាប់ទេសចរណ៍មូស្លីម (Muslim Friendly Tourism)។

បន្ទាប់ពីអញ្ជើញជាគណៈអធិបតីក្នុងការបើកសម្ពោធពិព័រណ៍បរិក្ខារផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ក្រុមហ៊ុនផលិតបរិក្ខារផ្ទះបាយអន្តរជាតិល្បី និងធំៗ ព្រមទាំងផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារ & ភេសជ្ជៈ ជាពិសេសគឺផលិតផល Halal ជាច្រើនស្តង់ នៅសណ្ឋារគារហ៊ីម៉ាវារី។

សូមជម្រាបជូនថា ពិព័រណ៌នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវឧបករណ៍បរិក្ខារផ្ទះបាយដ៏ទំនើបៗ និងសេវាកម្មទេសចរណ៍៕
ដោយ៖ ចរិយា ប្រភព៖ ក្រសួងទេសចរណ៍





