កសិករសហគមន៍កសិកម្មអូរកន្ធរមានជ័យ ខេត្តកំពង់ធំ ទទួលជំនួយឥតសំណងនូវទឹកប្រាក់ ៥៣.០០០ដុល្លារអាម៉េរិលពីគម្រោង CASDP
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- កសិករចំនួន ៣១គ្រួសារមកពីសហគមន៍កសិកម្មអូរកន្ធរមានជ័យ នៅខេត្តកំពង់ធំ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៣.០០០ដុល្លារអាម៉េរិកពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មមួយចំនួន ដើម្បីអាចផលិតស្រូវពូជលក់បាន ដូចជាម៉ាសុីនច្រូត គោយន្ត ម៉ាសុីនប៉ូមទឹក ម៉ាសុីនព្រួសស្រូវ និងម៉ាសុីនស្ទូងស្រូវជាដើម។


ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះថា តាមផែនការ សហគមន៍នេះគ្រោងនឹងប្រែក្លាយខ្លួនជាក្រុមមួយ ស្ថិតក្រោមរចនាសម្ព័ន្ធនៃសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ដែលជាសហគមន៍ទំនើបដែលមានស្រាប់នៅក្នុងតំបន់តែមួយ។ ជាមួយនឹងការវិនិយោគថ្មីនេះ សហគមន៍នឹងមានសមត្ថភាពផលិតពូជសុទ្ធប្រភេទសែនក្រអូប និងស្រង៉ែក្នុងបរិមាណប្រមាណជាង ១.០០០តោន ដោយផ្តោតលើការផ្គត់ផ្គង់ស្រូវពូជផ្ទាល់ដល់សហគមន៍កសិកម្មទំនើបតែម្តង។

គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) គឺជាកម្មវិធីរបស់ក្រសួងកសិកម្ម និងគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលផ្តល់ទុនបដិភាគរហូតដល់ ៤០% ដល់សហគមន៍កសិកម្ម និងសមាជិក ដើម្បីគាំទ្រដល់ការវិនិយោគលើមុខរបរអាជីវកម្មរបស់ខ្លួន៕
ដោយ: ណយ នឿន





