ថៃ កំពុងបន្តប្រើមធ្យោបាយដ៏កខ្វក់ ដោយប្រើប្រាស់សំឡេងរំខាន បំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥--
ថៃបានបន្តប្រើមធ្យោបាយដ៏កខ្វក់ ដោយបានចាក់សំឡេងលឺខ្លាំងៗ ដូចជាសំឡេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងយន្តហោះ។ល។ រំខានប្រជាពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
ការចាក់សំឡេងរំខានលាន់ឮយ៉ាងកងរំពងអស់រយៈពេលជាងមួយម៉ោង បានបញ្ចប់នៅភូមិជោគជ័យហើយនាវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គឺនៅពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅដល់ទៅដល់ភូមិជោគជ័យទាំងយប់។
នៅម៉ោងប្រមាណ ១១យប់ ថ្ងៃទី១១ ខែតុលានេះ ថៃបានចាប់ផ្តើមចាក់សម្លេងដដែលនេះនៅភូមិព្រៃចាន់វិញម្តង ខណៈនៅមុននេះបន្តិចក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានទៅដល់ភូមិព្រៃចាន់ផងដែរ។ នេះបើតាមការរាយការណ៍ពីអ្នកយកព័ត៌មាន AKP នៅភូមិព្រៃចាន់។
សូមបញ្ជាក់ថា នេះជាយប់ទី២ហើយ ដែលថៃបានចាក់សំឡេងរំខានដំណេកប្រជាពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់។
ការចាក់សំឡេងនេះ បានធ្វើឱ្យរំខានដំណេក ប៉ះពាល់ផ្លូវចិត្ត ស្មារតី និងសតិអារម្មណ៍យ៉ាងធ្ងន់ធ្ងររបស់អ្នកភូមិ រួមមានជនចាស់ជរា ជនពិការ ក្មេងៗ និងអ្នកមានជំងឺផងដែរ។
សូមរម្លឹកថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី នៅយប់ថ្ងៃដដែលនេះបានផ្ញើញត្តិបន្ទាន់ជូន ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាននេះពីសំណាក់កងទ័ពថៃ ផងដែរ៕



ដោយ ផែន រតនៈ





