មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ យុវជន និងមន្ត្រីរាជការស្រុកថ្ពង ដែលបានរួមចំណែកក្នុងយុទ្ធនាការសម្អាតផ្លូវជាតិគ្មានសំរាមប្លាស្ទិក
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ --ព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ នេះ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកដោយលោក ច័ន្ទថេរ ថានរ: ប្រធានមន្ទីរ បានចូលរួមសហការជាមួយរដ្ឋបាលស្រុកថ្ពង ឃុំអមលាំង យុវជនស្រឡាញ់បរិស្ថាន យុវជនស.ស.យ.ក ប្រជាពលរដ្ឋភូមិថ្នល់បំបែក អាជីវករ និងក្រុមហ៊ុនវ៉េងសេងហ្គ្រីន ធ្វើ យុទ្ធនាការសម្អាតផ្លូវជាតិ (ផ្លូវជាតិគ្នានសំរាមប្លាស្ទិក) ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ" នៅភូមិថ្នក់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ច័ន្ទថេត ថានរៈ បានថ្លែងអំណរគុណ និងគាំទ្រចំពោះក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្ត្រីរាជការស្រុកថ្ពងដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត តាមរយៈការចូលរួមសំអាតអនាម័យបរិស្ថាន រើសសំរាម សំណល់ប្លាស្ទិកពីក្នុងលូ ប្រឡាយ នៅមុខរោងចក្រ និងនៅតាមទីសាធារណៈនានា ដើម្បីប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ។

លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងចំនួន៣ សំខាន់ៗ គឺបំផុសចលនា និងទម្លាប់សម្អាតនៅផ្លូវជាតិជាប្រចាំ ព្រមទាំងជំរុញការសម្អាតសហគមន៍ក្នុងបុព្វហេតុការពារសុខភាពសាធារណៈ បង្កើនសោភ័ណភាពនៅ តាមមូលដ្ឋានដើម្បីទេសចរណ៍ និងការវិនិយោគក្នុងតំបន់, ជំរុញការប្ដេជ្ញាចិត្តក្នុងស្រទាប់យុវជន សិស្សានុសិស្ស ដែលជាចលករដ៏សំខាន់ ដើម្បីភាពស្អាតនៅក្នុងមូលដ្ឋាន និងជំរុញការទុកដាក់សំរាម និងការញែកសំរាម សំណល់រឹង សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ និងការលុបបំបាត់គំនរសំរាមអនាធិបតេយ្យតាមទីសាធារណៈ។


ជាមួយគ្នានោះ លោក ច័ន្ទថេត ថានរៈ បានលើកទឹកចិត្តឱ្យយុវជន សិស្សានុសិស្សទាំងអស់ចូលរួមជាមួយមូលដ្ឋាន និងការរៀបចំកសាងខ្លួនក្រៅពីការសិក្សារៀនសូត្រ ដើម្បីចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការជំរុញ ឬជាចលករមួយក្នុងការផ្លាស់ប្ដូរឥរិយាបថ និងជាទំលាប់ល្អដើម្បីបរិស្ថាន និងភូមិដ្ឋានបៃតង៕
ដោយ: លឹម សាន្ត





