រដ្ឋបាលរាជធានីភ្នំពេញ ថ្កោលទោសដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ ដែលយករូបថតសម្តេចអគ្គម ហាសេនាបតីតេជោហ៊ុន សែន ទៅធ្វើសកម្មភាពមិនគប្បី និងអសីលធម៌នៅតាមទីសាធារណៈក្នុងប្រទេសថៃ
AKP ភ្នំពេញថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥–ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ ខ្ពស់កម្ពុជាដទៃទៀត ទៅធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌នៅតាមទីសាធារណៈ ក្នុងប្រទេសថៃ។
អាកប្បកិរិយារបស់ជនជាតិថៃទាំងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ឧត្តមភាពរបស់ឥស្សរជនកំពូល កម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុក សម្តេចតេជោប្រធានព្រឹទ្ធសភា ជារដ្ឋបុរសជាតិកម្ពុជា ដែលបាន ធ្វើពលិកម្មតស៊ូ លះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឥស្សរជនកំពូលរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ជាពិសេសទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងថែមទៀតផង។
ជនជាតិអាស៊ី ជាពិសេសជនជាតិខ្មែរ និងជនជាតិថៃ មាន ប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា តែងតែអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែល មិនគួរគប្បី និងសូមកុំឱ្យមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ផ្ទុយមក វិញ ជនជាតិថៃមួយចំនួនបានប្រព្រឹត្តិអំពើអសីលធម៌ និងប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជាដោយចំហរ ប៉ុន្តែបែរជាគ្មានវិធានការអ្វីទាំងអស់ចំពោះបុគ្គលទាំងនោះ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសចំពោះទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃ មួយចំនួន និងសូមប្តេជ្ញាគាំទ្ររាល់វិធានការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនប្រព្រឹត្តិទង្វើអសីលធម៌ ខ្លះសេចក្តីថ្លៃថ្នូរតបតទៅលើ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនថៃនោះឡើយ ៕

ដោយ សួស សំរិត





