ឯកឧត្តម គង់ ច័ន្ទវាសនា អំពាវនាវឱ្យសិស្សានុសិស្សទើបជាប់បាក់ឌុបស្រុកព្រះនេត្រព្រះ បន្តការសិក្សាជំនាញ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្របាន បានអំពាវនាវឱ្យសិស្សានុសិស្សទើបជាប់បាក់ឌុបនៅក្នុងស្រុកព្រះនេត្រព្រះត្រូវបន្តការសិក្សាជំនាញមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តម គង់ ច័ន្ទវាសនា រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសិស្សានុសិស្សទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ និងលោកគ្រូអ្នកគ្រូជាង ៣០០នាក់ ទូទាំងស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានយកឈ្នះលើឧបសគ្គនៃការសិក្សា និងសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រឡងបាក់ឌុប។ ឯកឧត្តមបានចាត់ទុកជោគជ័យនេះថាជាផ្លែផ្កាដំបូងនៃជីវិត ដែលកើតចេញពីការតស៊ូ អំណត់ព្យាយាមរបស់សិស្សផ្ទាល់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល គ្រូបង្រៀន និងរាជរដ្ឋាភិបាល។

ឯកឧត្តមបានគូសបញ្ជាក់ថា «ថ្ងៃនេះ គឺជាថ្ងៃដែលប្អូនៗទទួលបានលទ្ធផលដ៏ល្អបំផុត តែនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជីវិតដ៏វែងឆ្ងាយតែប៉ុណ្ណោះ។ ប្អូនៗទាំងអស់ត្រូវតែបន្តក្តីសង្ឃឹម និងសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អនាគតរបស់ខ្លួន»។
ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញសិក្សាបន្ត ដោយផ្តោតទៅលើជំនាញបច្ចេកវិទ្យា និងវិស័យកសិកម្មសម័យទំនើប ដោយសង្កត់ធ្ងន់លើតួនាទីរបស់ក្រសួងកសិកម្ម ឯកឧត្តមបានលើកទឹកចិត្តឲ្យសិស្សានុសិស្សពិចារណាចាប់យកជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម កសិកម្មឆ្លាតវៃ វិទ្យាសាស្ត្រចំណីអាហារ និងជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ផ្សេងទៀត។ ឯកឧត្តមបញ្ជាក់ថា ជំនាញទាំងនេះមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានអំពាវនាវឱ្យសិស្សានុសិស្សដែលបានជាប់ទាំងអស់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយមិនត្រូវទុកឱ្យលទ្ធផលល្អដែលខ្លួនទទួលបានក្លាយជាការបញ្ចប់នៃការសិក្សានោះទេ។ មិនថាស្ថិតក្នុងស្ថានភាពបែបណា ការរៀនជំនាញនឹងផ្តល់នូវផ្លូវមួយដ៏ច្បាស់លាស់សម្រាប់កសាងជីវភាពគ្រួសារ និងចូលរួមកសាងសង្គមជាតិ។
ឯកឧត្តមបានបន្ថែមថា ក្រៅពីចំណេះដឹងជំនាញ សិស្សត្រូវខិតខំអភិវឌ្ឍន៍ជំនាញទន់ ដូចជាការគិតបែបឡូហ្ស៊ិក ការដោះស្រាយបញ្ហា និងភាសាបរទេស ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ភាពជោគជ័យក្នុងអាជីព។

ជាមួយនោះ ឧត្តម គង់ ច័ន្ទវាសនា បានថ្លែងប្តេជ្ញាបន្តគាំទ្រ និងជំរុញគ្រប់សកម្មភាពទាំងអស់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ជាពិសេសផ្នែកអប់រំ និងធនធានមនុស្ស ដើម្បីឱ្យយុវជនជំនាន់ក្រោយក្លាយជាសសរស្ដម្ភដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕
ដោយ: ឈុនសារ៉ាត





