ឯកឧត្តម គង់ វិបុល៖ អគ្គនាយកដ្ឋានពន្ធដារមានឆន្ទៈខ្ពស់ក្នុងការធ្វើទំនើបកម្មកាន់តែប្រសើរសម្រាប់ការប្រមូលពន្ធ
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារមានឆន្ទៈខ្ពស់ក្នុងការធ្វើទំនើបកម្មកាន់តែប្រសើរសម្រាប់ការប្រមូលពន្ធ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវយុត្តិធម៌ និងតម្លាភាព ព្រោះចំណូលពន្ធគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងបញ្ជាក់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារយ៉ាងដូច្នេះធ្វើឡើងក្នុងវេទិកាពន្ធដារប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីមន្រ្តីពន្ធដារ តំណាងភ្នាក់ងារពន្ធដារ និងវិស័យឯកជននានាជាច្រើនរូប។


ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ខណៈនេះកម្ពុជាបានឈានដល់ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកពន្ធដារហើយ ដោយកំពុងតែសាកល្បងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងសារពើពន្ធកម្ពុជា ឬ Cambodian Tax Administration System (CTAS) ដើម្បីជំនួយការងារមួយចំនួន ដែលវាកំពុងស្ថិតនៅក្នុងវឌ្ឍនភាពមួយដើម្បីបញ្ចប់នូវការបង្កើតបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្តល់នូវសេវាកម្មពន្ធ។ វាជាការព្រាងដំបូងនៅឡើយទេ យើងត្រូវតែបញ្ចប់ការសាកល្បងកម្មវិធីនេះសិន ដើម្បីយើងអាចចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយ។

ក្នុងឱកាសនេះ លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានសម្តែងការសាទរចំពោះការបោះជំហានទៅមុខនៃវិស័យពន្ធដារនៅកម្ពុជា ដោយបានបញ្ជាក់ថា លោកបានមើលឃើញថា កម្ពុជាជាប្រទេសដែលមានភាពទាក់ទាញក្នុងការវិនិយោគលើច្រើនវិស័យ កម្ពុជាជាបេះដូងនៅក្នុងអាស៊ាន។ ជាក់ស្តែងកម្មវិធីនៅថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យសហគមន៍ និងអ្នកវិនិយោគចូលរួម ហើយថាសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានគាំទ្រក្នុងការបង្កើតដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកផងដែរ៕
ដោយ៖ ចាន់ សុភឿន





