ក្រសួងអប់រំ រកឃើញក្រុមទទួលបានជ័យលាភី ក្នុងការប្រកួតស្នាដៃផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលដោយបានរកឃើញក្រុមនិស្សិតដែលទទួលបានជ័យលាភី ចាប់ពីលេខ១ ដល់លេខ៣ និងក្រុមដែលទទួលបានជ័យលាភីលើកទឹកចិត្ដក្នុងការប្រកួតស្នាដៃផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ បន្ទាប់ពីធ្វើការផ្សព្វផ្សាយ និងដំណើរការប្រកួតប្រជែងអស់រយៈពេលបួនខែកន្លងមក។

ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់នេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង កាត់បន្ថយហានីភ័យសុខភាពរបស់ធនធានមនុស្សបង្កដោយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី ដោយខ្លឹមសារនៃវិឌីអូនីមួយៗគឺពាក់ព័ន្ធនឹង ផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូលស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងវិធានការទប់ស្កាត់។

ក្នុងពិធីប្រគល់ជ័យលាភីការប្រកួតស្នាដៃផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងការប្រកួតស្នាដៃផលិតវីដេអូអប់រំដ៏មានអត្ថន័យនេះ។ លោកជំទាវបណ្ឌិតបានលើកឡើងថា ការចូលរួមពីគ្រឹះស្ថានសិក្សាចំនួន ៣៦ នេះ គឺជាសញ្ញាដ៏វិជ្ជមានមួយដែលបង្ហាញថា យុវជនយើងយល់ច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការចូលរួមការពារសុខភាពសង្គម ព្រោះការប្រកួតនេះមិនមែនត្រឹមតែជាការដណ្តើមពានរង្វាន់ បង្ហាញទេពកោសល្យ និងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដ៏ធំធេងក្នុងការផ្សព្វផ្សាយសារអប់រំសំខាន់ៗ ដោយខ្លឹមសារនៃវីដេអូនីមួយៗ បានបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូល និងវិធានការទប់ស្កាត់ ដែលជាខែលការពារដ៏រឹងមាំមួយក្នុងការការពារយុវវ័យដទៃទៀតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក (Vape) ជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការក៏បានអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ និងឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្ត សហការជាក្រុម ចូលរួមចំណែកក្នុងការអភិវឌ្ឍបំណិនសតវត្សរ៍ទី២១របស់ខ្លួន។ លោកជំទាវបណ្ឌិតក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនទទួលបានជ័យលាភី កុំឱ្យអស់សង្ឃឹម ដោយរាល់ស្នាដៃដែលបានដាក់ចូលប្រកួត គឺជាការរួមចំណែកដ៏មានតម្លៃរួចទៅហើយ ក្នុងការអប់រំ និងការពារសុខភាពរបស់យុវជនកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានបន្ថែមថា៖ «ស្មារតីនៃការចូលរួមនេះ គឺជាជ័យជម្នះសម្រាប់សង្គម ដែលជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់អនាគតជាតិ»។

ពាក់ព័ន្ធនឹងក្រុមដែលបានចូលរួមប្រកួត និងទទួលបានជ័យលាភីលេខ១នេះដែរ កញ្ញា ម៉េង ប៊ុននី ជាសមាជិកក្រុមទទួលបានជ័យលាភីលេខ១ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា សមាជិកក្រុមរបស់កញ្ញាមានសរុបចំនួន ១០រូប និងមានអ្នកគ្រូបង្គោលម្នាក់ ផងដែរ ហើយការទទួលបានជ័យលាភីនេះគឺជាមោទនភាពបំផុតដែលសមាជិកក្រុមទាំងអស់បានខិតខំប្រែង។កញ្ញា ម៉េង ប៊ុននី បានសម្តែងនូវសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែងដែលក្រុមរបស់ខ្លួនបានទទួលជ័យលាភីលេខ១នៅក្នុងការប្រកួតប្រជែងនេះ ព្រោះសមាជិកក្រុមទាំងអស់បានរួមសហការគ្នា និងបង្ហាញនូវសមត្ថភាព ដើម្បីឈានទៅដណ្ដើមបាននូវជ័យលាភីសម្រាប់ក្រុម។
កញ្ញាបានបញ្ជាក់បន្ថែមថា៖ «កត្តាដែលជំរុញឱ្យខ្ញុំ និងសមាជិកក្រុមចូលរួមប្រកួតផលិតវីដេអូ ទាក់ទងនឹងផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះ ព្រោះក្រុមពួកខ្ញុំជានិស្សិតពេទ្យដែលមានចំណេះដឹងខាងផ្នែកនេះស្រាប់ ម្យ៉ាងក្រុមពួកខ្ញុំក៏ចង់បង្ហាញថា ទោះបីក្រុមនេះជានិស្សិតពេទ្យក៏ពិតមែន ក៏ក្រុមយើងខ្ញុំអាចផលិតវីដេអូប្រកបដោយគុណភាព បច្ចេកទេស និងការអប់រំផងដែរ»។

បើតាមក្រសួងអប់រំ យុវជន និងកីឡាដែលបានចេញផ្សាយទាក់ទងនឹងការប្រកួតប្រជែងផលិតវីដេអូខ្លីស្តីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះ គឺចាប់តាំងពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥ មកម្លេះ ហើយរហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងទើបប្រកាសលទ្ធផល និងបានរកឃើញក្រុមដែលទទួលបានជ័យលាភី ពោលគឺមានរយៈបួនខែ។
ពាក់ព័ន្ធនឹងបញ្ហាបារីអេឡិចត្រូនិកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅថ្ងែទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដោយលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី នៅក្នុងប្រទេសកម្ពុជាឡើយ។

សូមជម្រាបជូនថា ការប្រកួតនេះ មានគ្រឹះស្ថានសិក្សាចូលរួមប្រកួតសរុប ចំនួន៣៦ (គ្រឹះស្ថានឧត្តមសិក្សា ៧ និងមធ្យមសិក្សា ២៩)។ ជាលទ្ធផល សម្រាប់ជ័យលាភីលេខ១ ទទួលបានទៅលើក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លេខ២ ទទួលបានទៅលើក្រុមមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលេខ៣ ទទួលបានទៅលើក្រុមមកពីវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា។ ចំពោះជ័យលាភីលើកទឹកចិត្ត ទទួលបានទៅលើក្រុមសាលារៀនវ៉េស្តឡាញ សាខាចំការដូង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ៕
ដោយ៖ ឡាច សុជាតា, ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា





