ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍ ០៨ចំណុចដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
AKP កំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់គោលការណ៍ ០៨ចំណុចដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តឱ្យទទួលបានប្រសិទ្ធភាពក្នុងឱកាសអញ្ជើញដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៥ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនចំពោះបងប្អូនកងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាល ដែលកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំតាមបណ្ដាគោលដៅអង្គភាពរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំដៅបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនិងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។

ឧត្តមសេនីយ៍ទោ ហេង សុផល បានអបអរសាទរនិងកោតសរសើរដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានការកែលម្អអង្គភាពឱ្យទទួលបានភាពស្រស់បំព្រង និងរៀបចំកន្លែងស្នាក់នៅប្រចាំការ ផ្ទះបាយបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមក្នុងការកសាងអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍ ០៨ចំណុចដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយក្នុងនោះ ទី១ គឺពង្រឹងវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។ ទី២ គឺពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា។ ទី៣ គឺរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការផ្លាស់ប្តូរវេនប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរង់ចាំផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងសភាពការណ៍ សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ព្រមទាំងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រ ដោយសហការជាមួយកម្លាំងប្រជាការពារ។ ទី៤ គឺពង្រឹងការគ្រប់គ្រងមនុស្សចំណូល-ចំណាកស្រុក ជាពិសេសប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ។ ទី៥ គឺបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបង្កើនការយល់ដឹងុំនិងមានការប្រុងប្រយ័ត្នកុំឱ្យធ្លាក់ក្នុងឧបាយកលជនឆ្លៀតឱកាសមួយចំនួនដែលមានចេតនាទុច្ចរិតផ្តល់កម្ចីប្រាក់ខុសច្បាប់ដោយមានអត្រាការប្រាក់ខ្ពស់។ ទី៦ គឺបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ.សង្កាត់.មេភូមិ ចុះផ្សព្វផ្សាយធ្វើវេទិកាសាធារណៈ និងជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ហើយដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជាប្រចាំ។ ទី៧ គឺបង្កើនការងារសាមគ្គីភាព និងកិច្ចសហការល្អជាមួយមហាជនគ្រប់ស្រទាប់វណ្ណ: និងទី៨ គឺការអនុវត្តលើការងារនគរបាល និងសហគមន៍ ដោយត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ រួមមានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់។

សូមបញ្ជាក់ថា ក្នុងពិធីចុះពិនិត្យប៉ុស្ត៏ចំនួន០៥ ក្នុងស្រុកកំពង់ស្វាយនោះ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្ដីដូង ប៉ុស្តិ៍នគរបាលរដ្ឋបាលសានគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគុយ៕
ដោយ: ស៊ុម វណ្ណា (ប្រភព: ស្នងការរដ្ឋានគរបាលខេត្តកំពង់ធំ)




