លោកហ៊ីម លីម៉េង: រៀបចំផ្ទះខ្លួនយើងឱ្យបានរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត
AKP កំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- លោក ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំមានប្រសាសន៍បញ្ជាក់ថា "រៀបចំផ្ទះខ្លួនយើងឱ្យបានរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត" ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ និងការកែលម្អទីកន្លែងបម្រើការងារនៅតាមទីចាត់ការក៏ដូចជាតាមការិយាល័យ ព្រមទាំងផ្តល់គ្រឿងឥស្សរិយយស លើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំធ្វើការងារប្រកបដោយតម្លាភាពក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

លោក ហ៊ីម លីម៉េង បានមានប្រសាសន៍ថាការរៀបចំផ្ទះខ្លួនយើងឱ្យរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត ក្នុងនោះអ្វីដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ គឺ ១-សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ២-កន្លែងធ្វើការស្អាត និងសមរម្យ ៣-ការពង្រឹងវត្តមាន និងម៉ោងធ្វើការមន្ត្រី ៤-បែងចែកមុខងារច្បាស់លាស់ និងមានសូចនាករតាមដាន ៥-ពង្រឹងសមត្ថភាពមន្ត្រី ៦-ការលើកទឹកចិត្ត (ប័ណ្ណសរសើរ មេដាយការងារ គ្រឿងឥស្សរិយយសថវិកា និងតួនាទី)។


ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្តបានជំរុញដល់ទីចាត់ការ-អង្គភាពពិនិត្យ និងវាយតម្លៃមន្ត្រីដោយផ្អែកលើលទ្ធផលការងារប្រកបដោយតម្លាភាពជាពិសេសមន្ត្រីដែលជិតដល់អាយុចូលនិវត្តន៍ ដើម្បីរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនពួកគាត់ ដែលជាការលើកទឹកចិត្តក្នុងកិច្ចខិតខំបំពេញការងារកន្លងមក។ ថ្នាក់ដឹកនាំទីចាត់ការ អង្គភាព តាមការិយាល័យ ត្រូវបានពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រោមឱវាទ លុបបំបាត់ភាពអសកម្ម ពង្រឹងស្មារតីទទួលខុសត្រូវ បណ្តុះស្មារតីស្រលាញ់អង្គភាព ពង្រឹងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕
ដោយ: ស៊ុម វណ្ណា




