ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ព
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ព ដែលមានទីលំនៅអចិន្ដ្រៃយ៍ក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។ ដំណើរចុះសួរសុខទុក្ខតាមខ្នងផ្ទះនេះគឺដើម្បីបង្កភាពងាយស្រួលដល់គ្រួសារវីរកងទ័ព ជាជាងអញ្ជើញពួកគាត់ធ្វើដំណើរមកចូលរួមជុំគ្នានៅសាលាខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារវីរកងទ័ពទាំងអស់ ព្រមទាំងបានលើកឡើងថា សូមបងប្អូនជឿជាក់លើការដឹកនាំ និងបន្តចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់ការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសត្រូវមានភាពអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះអាវុធ ឬញុះញង់ឱ្យមានអំពើហិង្សាណាមួយកើតឡើង ដែលអាចបង្កជាផលវិបាកដល់ប្រទេសជាតិ និងប្រជាជន។


ជាមួយគ្នានេះដែរ ឯកឧត្តមបានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋបាលខេត្តកែប)




