ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបលោកសាស្ត្រាចារ្យ Prof Chiu Ming Terk
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានទទួលជួបលោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិចរបួសក្បាល និងវះកាត់ទូទៅសិង្ហបុរី (Former Director Of Trauma, Senior Consultant General Surgeon at Tan Tock Seng Hospital (TTSH)) និងគ្រួសារ ដែលលោកមានបំណងជួបសម្ដែងការគួរសម និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយផ្ទាល់ដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះការខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ត ដោយទឹកចិត្ត និងបេះដូង ជួយសង្គ្រោះជីវិតលោកក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្របសម្រួលបញ្ជូនបន្តការថែទាំព្យាបាលក្នុងមាតុប្រទេសរបស់លោកវិញ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយភាពកក់ក្តៅ។


ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ Prof Chiu Ming Terk បានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ Prof François Xavier Roux និងក្រុមការងារមន្ទីរពេទ្យទាំងអស់ដែលបានចូលរួមសង្គ្រោះ រួមទាំងធ្វើការកាត់វះកាត់សម្រេចបានជោគជ័យ និងបានសម្ដែងការភ្ញាក់ផ្អើលចំពោះការរីកចម្រើនជាពិសេសវិស័យសុខាភិបាលរយៈពេល២ឆ្នាំចុងក្រោយ។

លោកសាស្ត្រាចារ្យបានប្តេជ្ញាបន្តសហការជួយដល់ការពង្រឹងសមត្ថភាពសង្គ្រោះដោយការប៉ះទង្គិច Trauma Care ដោយការបណ្តុះបណ្តាលឱ្យបានទូលាយបន្ថែមរហូតដល់ថ្នាក់ក្រោមជាតិ ដែលមានចំណុចគន្លិះ៣ ត្រូវយកចិត្តទុកដាក់លើ៖ ១. ពង្រឺងការសង្គ្រោះ មុនដល់មន្ទីរពេទ្យទាន់ពេល ២. បញ្ឈប់ការហូរឈាមឱ្យមានប្រសិទ្ធភាព ៣. ការសង្គ្រោះដោយវះកាត់បឋម ដើម្បីdamage control។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីផ្លែផ្កាដែលកើតមានក្រោយអនុស្សរណៈយោគយល់ រវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យសឹង្ហបុរី និងបន្តសហការផ្លាស់ប្តូរបទពិសោធន៏ អោយបានញឹកញាប់ជាប្រចាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនាក់ទំនង៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





