ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជំនួបសម្តែងការគួរសមជាមួយលោកវរនាវីឯកពិសេស XU Jianguo នាយករងសាលាកងទ័ពជើងទឹក Dalian PLAN
AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោកវរនាវីឯកពិសេស XU Jianguo នាយករងសាលាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla នៃកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ជំនួបនេះបានរៀបចំនៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍មេបញ្ជាការនាវា និងសហការីបានមកកាន់ទឹកដីខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានធនធានធម្មជាតិដ៏សម្បូរបែប មានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលជាប្រភពក្នុងការពង្រីកសេដ្ឋកិច្ចជាតិ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រចំនួនជាង ២០០ បានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ២ម៉ឺននាក់ កម្ពុជា និងចិន មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ៦៧ឆ្នាំ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងមានការជឿទុកចិត្ត មានទំនាក់ទំនងដែកថែប មិត្តល្អជួយគ្នាក្នុងគ្រាក្រ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាសហគមន៍រួមវាសនាតែមួយ ហើយពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកិច្ចប្រជុំនៅសៀងហៃ ប្រទេសចិន ព្រមទាំងបានជួបពិភាក្សាការងារស្តីពីការអភិវឌ្ឍប្រទេសទាំងពីរ។


ឯកឧត្តមអភិបាលខេត្តបានអគុណលោកប្រធានាធិបតី ស៊ី ជីនពីង ប្រធានាធិបតីចិន បានជួយអន្តរាគមន៍បទឈប់បាញ់រវាងកម្ពជា និងថៃ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រអត់ធ្នត់ យើងមិនចង់មានសង្គ្រាមកើតឡើងជាថ្មីម្តងទៀតនោះទេ ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍នាវាកងទ័ពជើងទឹកចិន ដែលបានចូលចតនៅលើទឹកដីនៃខេត្តព្រះសីហនុ សង្ឃឹមថា លោកមេបញ្ជាការ និងសហការីនឹងមកដល់ខេត្តព្រះសីហនុជាថ្មីម្តងទៀត។

លោកវរនាវីឯកពិសេស XU Jianguo នាយករងសាលាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla នៃកងទ័ពជើងទឹកចិនបានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ហើយថ្ងៃនេះបានដឹកនាំនាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿងចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះ សីហនុ ដែលមានការទទួលស្វាគមន៍ពីកងទ័ពជើង ទឹកមូលដ្ឋានសមុទ្ររាម មានការទទួលស្វាគមន៍ពីសមាគមន៍ចិន និងប្រជាជនកម្ពុជា បង្ហាញពីមិត្តភាពយ៉ាងជ្រាលជ្រៅរវាងចិន កម្ពុជា។ តាងនាមឱ្យនាវិកនាវាកងទ័ពជើងទឹកចិន សូមថ្លែងអំណគុណរដ្ឋបាលខេត្ត បានជួយសម្របសម្រួលក្នុងការចូលចតរបស់នាវាទាំងពីរគ្រឿង។ សមាសភាពនាវា មាននាវាហ្វឹកហ្វឺន នាវាឡើងគោក បានដឹកជញ្ជូនមនុស្ស ១ ២០០នាក់ក្នុងនោះមាននិស្សិត ៧១២នាក់ មកពីវិទ្យាស្ថានកងទ័ពជើងទឹកចិន ហើយខេត្តព្រះសីហនុ ជាចំណុចទី១ ក្នុងដំណើរទស្សនកិច្ច ក៏ជាប្រទេសចូលចតប្រចាំឆ្នាំ យើងបានបណ្តុះបណ្តាលបំពេញសមត្ថភាពសិក្ខាកាម ក្នុងនោះបាននាំយកនិស្សិតបរទេសចំនួន ៧នាក់ ដែលបានរៀនជាមួយគ្នា។ មិត្តភាពចិន និងកម្ពុជា ដែលជាមិត្តភាពដែកថែប យើងជួយគាំទ្រឧបត្ថមគ្នាទៅវិញទៅមក ជាពិសេសកាលពីខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី ស៊ី ជីងពីន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឪ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជាកាន់តែមានភាពរឹងមាំ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំមកនូវអ្នកវិនិយោគចិនមកកាន់ខេត្តព្រះសីហនុ។ យើងមានមិត្តភក្ដិធ្វើការនៅទីនេះ ខ្ញុំជឿជាក់ថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍកាន់តែល្អ សូមជូនពរមិត្តភាពចិន កម្ពុជាកាន់តែរឹងមាំយូរអង្វែង និងបានអញ្ជើញឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងសហការីចូលរួមកម្មវិធីជប់លៀងនៅលើនាវាកង ទ័ពជើងទឹកចិន នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅលើនាវាកងទ័ពជើងទឹកចិនដែលចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ដោយ ងូ សុមុនី





