អ្នកសង្កេតការណ៍អន្តរកាល (IOT) នៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍ នៅភូមិព្រៃចាន់ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួនពីរលើកគឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀលនិងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

សូមគូសបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ៕

ដោយ៖ គង់ សិរីរ័ត្ន




