ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីរបស់ប្រជាពលរដ្ឋ៣ភូមិក្នុងស្រុកខ្សាច់កណ្តាល
AKP កណ្ដាល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៣ភូមិ គឺភូមិកំពង់ចំលង ភូមិត្បូងដំរី និងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាលថា ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅបរិវេណវត្តត្បូងដំរី ដែលមានក្បាលដី ស្មើនឹង ៤ ១៣៣ក្បាលដី។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវរួសរាន់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

អាជ្ញាធររដ្ឋបាលដីធ្លីខេត្តបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។


ក្នុងឱកាសនោះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៣ភូមិ គឺជាលើកទី២៣ សម្រាប់ស្រុកខ្សាច់កណ្តាល ហើយក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




