កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្នជូនជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអចិន្រ្តៃយ៍ នាព្រឺកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋភៀសសឹក ដោយមានការចូលរួមពីសំណាក់អភិបាល អភិបាលរងខេត្តជាប់ព្រំដែនប្រទេសជិតខាង (ថៃ-ឡាវ-វៀតណាម) តាមរយៈប្រព័ន្ធ ZOOM ផងដែរ។


អង្គប្រជុំបានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ព្រមទាំងចូលរួមមតិពិភាក្សាយ៉ាងផុសផុល។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានស្នើ៖ ១. សូមឱ្យក្រុមការងារអចិន្ត្រៃយ៍ប្រើប្រាស់នូវធាតុចូលទាំងអស់សម្រាប់ការរៀបចំផែនការជាយុទ្ធសាស្ត្រ។ ២. ចំពោះការកំណត់ទីតាំងសុវត្ថិភាព គួរយកទីតាំងឯកជនរបស់រដ្ឋ ដូចជាសាលារៀន វត្តអារាម ជាដើម និង៣. សូមក្រុមការងារទាំងអស់បន្តអនុវត្តភារកិច្ចរបស់ខ្លួន និងតាមដានដោយយកចិត្តទុកដាក់ក្តាប់សភាពការណ៍ជាប្រចាំ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





