ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ឯកអគ្គរាជទូតប្រទេសអូស្រ្តាលី ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅលើទឹកដីនៃខេត្តតំបន់ឆ្នេរដ៏ស្រប់បំព្រង ព្រមទាំងបានជម្រាបជូនពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា មាន៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ ខេត្តព្រះសីហនុ មានកោះតូច ធំ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ធ្វើឪ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ឧស្សា ហកម្ម ទេសចរណ៍ រាជរដ្ឋាភិបាលបានប្រសិទ្ធនាមខេត្តព្រះសីហនុ ជាតារារះ នាទិសនិរតី។ ខេត្តព្រះសីហនុជាខេត្តស្នូលតំបន់ឆ្នេរសមុទ្រកម្ពុជា មានខេត្តចំនួន ៤ ក្នុងនោះ ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ឆ្នេរសមុទ្រកម្ពុជា ត្រូវបានក្លឹបឆ្នេរសមុទ្រ ដាក់បញ្ជូនជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១។

ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងអំពីវិស័យដឹកជញ្ជូន មានផ្លូវទឹក គោក និងអាកាស ផ្លូវទឹកយើងមានកំពង់ផែអន្តរជាតិចំនួន៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កែវផុស និងកំពង់ផែស្ទឹងហាវ ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជម្រៅទឹក ១៣.៥០ម៉ែត្រ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពង់អភិវឌ្ឍកំពង់ផែជា ៣តំណាក់កាលចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ មានជម្រៅទឹករហូតដល់ ១៧.៥០ម៉ែត្រ អនុ ញ្ញាតឪ្យនាវាដែលមានចំណុះផ្ទុក ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវគោក មានផ្លូវជាតិលេខ ៣ លេខ៤ ផ្លូវល្បឿនលៀន និងផ្លូវដែក។ ផ្លូវអាកាស យើងមានព្រលានយន្តហោះអន្តរ ជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ។ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូនធំៗ ១.ការដឹកជញ្ជូន និងតំបន់ឧស្សាហកម្ម ២.ទីក្រុងសមាហរណ្មកម្ម តំបន់ពាណិជ្ជកម្ម ទីក្រុងហិរញ្ញវត្ថុ ៣.តំបន់ទេសចរណ៍ (តំនប់កោះ) ៤.តំបន់កសិកម្ម និងឧស្សាហកម្ម។ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុ បន្ទប់ទឹកសាធារណនៅតាមតំបន់ឆ្នេរ រួមទាំងរូបសំណាកដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីពិសេសក្នុងការជួយសម្របសម្រួលដល់អ្នកវិនិយោគិន មានដូចជា ១.ជួយសម្របសម្រួលលើឯកសារ ២.សម្រួលលើផ្នែកពន្ធពី៣ ទៅ ៥ឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ហើយកម្មវិធីពិសេសនេះមានសម្រាប់តែខេត្តព្រះសីហនុតែមួយគត់។

ឯកឧត្តម DEREK YIP ឯកអគ្គរាជទូតអូស្រ្តាលី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ដែលបានអនុញ្ញាតឱ្យប្រតិភូបានចូលជួបសម្តែងការគួរសម និងជាការចូលសំចតរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនេះជាការមកបំពេញទស្សនកិច្ចលើកទី៨ សម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនោះ យើងបានទស្សនកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបន្តទៅទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ផ្នែកស្តានីតិសម្បទានផងដែរ ប្រទេសអូស្ត្រាលីក៏បានជួយក្នុងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តព្រះសីហនុផងដែរ ធ្វើឪ្យទំនាក់ទំនងប្រទេសអូស្ត្រាលី និងខេត្តព្រះសីហនុ កាន់តែល្អប្រសើរ យើងឃើញមានការបង្កើនការនាំចេញទំនិញទៅប្រទេសអូស្ត្រាលីមានការកើនឡើងក្នុងកិច្ចសហប្រតិ បត្តិការប្រទេសទាំងពីរមានរយពេល ៧៣ឆ្នាំ កម្ពុជាកំពុងបង្កើនការប្រកួតប្រជែងទីផ្សារខ្លាំងជាងមុន ហើយអូស្ត្រាលីនៅតែគាំទ្របន្តជួយប្រទេសកម្ពុជាឪ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ទន្ទឹមនោះប្រទេសអូស្ត្រាលីបានជួយខេត្តព្រះសីហនុលើផ្នែកគណនេយ្យភាពសង្គមផងដែរ។

ជាការឆ្លើយតបទៅនឹងឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្រ្តាលីបានជួយជ្រោមជ្រែងពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនោះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរបានទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយប្រទេសអូស្រ្តាលីជួយគាំទ្រដល់មន្ទីរពេទ្យខេត្តព្រះសីហនុ ផ្នែកចក្ខុភ្នែក ក្នុងនាមរដ្ឋបាលខេត្ត ក៏បាននឹងកំពុងខិតខំគិតគូរពីសន្តិសុខសុវត្ថិភាពនៅក្នុងខេត្តដោយបានបំពាក់កាម៉េរាសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកទេសចរមកកាន់ខេត្តព្រះសីហនុ ព្រោះសន្តិសុខ សុវត្ថិភាពនាំមកនូវអ្នកវិនិយោគ និងទេសចរ៕
ដោយ ងូ សុមុនី




