កងកម្លាំងយោធាថៃ បន្តទន្ទ្រានទឹកដីកម្ពុជាយ៉ាងគឃ្លើន នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- កងកម្លាំងចម្រុះរបស់ប្រទេសថៃបានបន្តសកម្មភាពទន្ទ្រានទឹកដីកម្ពុជាយ៉ាងគឃ្លើនទាំងខុសច្បាប់ ដោយបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចូលមកឈូសឆាយដីចំការរបស់ប្រជាពលរដ្ឋកម្ពុជា នៅត្រង់ចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ហេតុការណ៍នៃការរំលោភបំពាននេះបានកើតឡើងនាវេលាម៉ោង ១២៖៥០នាទីថ្ងៃត្រង់ នៅពេលដែលកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់នោះបានប្រទះឃើញ និងសង្កេតឃើញកងកម្លាំងប្រដាប់អាវុធថៃបានឆ្លងចូលមកក្នុងទឹកដីកម្ពុជា។ កងកម្លាំងយោធាថៃទាំងនោះបានប្រើប្រាស់ ត្រាក់ទ័រ និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត ដើម្បីឈូសឆាយផ្នែកខ្លះនៃតំបន់ដែលជាដីចំការរបស់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធចូលមកក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ បទឈប់បាញ់ រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀង និងយន្តការដោះស្រាយបញ្ហាព្រំដែនដែលមានស្រាប់។

ទន្ទឹមនឹងនេះ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះដែរ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ត្រូវបានអញ្ជើញឱ្យចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដើម្បីវាយតម្លៃលើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់របស់កងកម្លាំងចម្រុះថៃ។

អាជ្ញាធរកម្ពុជាបានចាត់ទុកសកម្មភាពរបស់ភាគីថៃនេះថាជាទង្វើដែលបង្កើនភាពតានតឹង និងប៉ះពាល់ដល់សិទ្ធិរស់នៅ និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារលើដីធ្លីរបស់ខ្លួនតាំងពីយូរយារណាស់មកហើយ។

កម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) និងយន្តការទ្វេភាគីផ្សេងទៀត ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន៕
ដោយ ឈុន សារ៉ាត




