ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ”
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម ជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួង ។

ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានបង្ហាញនូវឌ្ឍនភាពនៃការរៀបចំសៀវភៅណែនាំស្ដីពីការរៀបចំ “ភូមិគំរូ” ជូនដល់អង្គប្រជុំ។ អង្គប្រជុំបានពិនិត្យ និងផ្ដល់ធាតុចូលបន្ថែមដើម្បីឱ្យសៀវភៅណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។


ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសរៀបចំសៀវភៅ ដាក់បញ្ចូលធាតុចូលដែលទទួលបានពីអង្គប្រជុំ និងបំពេញបន្ថែមចំណុចនៅខ្វះខាត ដើម្បីឱ្យសៀវភៅណែនាំនេះ មានភាពទាក់ទាញ ងាយស្រួលយល់ និងអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




