នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿងចូលសំចតក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០២គ្រឿង នាព្រឹកថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងរឹតចំណងមិត្តភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរិតចំណងសាមគ្គីភាព មិត្តភាព និងសុឆន្ទះរវាងប្រទេសទាំងពីរកាន់ទេល្អទ្វេភាគីឡើងថែមទៀតរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន)។

ការចូលចតរបស់នាវាកងទ័ពរំដោះប្រជាជនចិននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោក ឧត្តមនាវីត្រីន អ៊ិន សុខេមរ៉ា នាយរងសេនាធិការមូលដ្ឋានសមុទ្ររាម ព្រមទាំងមានការទទួលស្វាគមន៍ពីសមាគមន័ចិនប្រចាំខេត្តព្រះសីហនុ នៅលើទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមជម្រាបជូនថា នាវាទាំង២គ្រឿងមានឈ្មោះ៖ ១- QI JIGUANG (PLANS 83) ជាប្រភេទនាវាហ្វឹកហ្វឺន មានបណ្ដោយ165.3ម៉ែត្រ ទទឹង 22.2ម៉ែត្រ ជម្រៅទឹក6.8ម៉ែត្រ ទម្ងន់ផ្ទុក 9,000tons -ល្បឿន 22 knots ដឹកនាំដោយលោកវរនាវីឯក FENG LIANG មេបញ្ជាការនាវា និង២- YIMENG SHAN (PLANS 988) ជាប្រភេទនាវាបុកច្រាំង បណ្ដោយ210ម៉ែត្រ ទទឹង28ម៉ែត្រ
ជម្រៅទឹក7ម៉ែត្រ ទម្ងន់ផ្ទុក 25,000tons ល្បឿន 25 knots ដឹកនាំដោយលោកវរនាវីឯក NIU ZHIYONG មេបញ្ជាការនាវា។ នាវាទាំងពីរមាននាវិកសរុបចំនួន1,207នាក់។

ក្នុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា លោកមេបញ្ជាការនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន មានគម្រោងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជួបថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន ព្រមទាំងមានកម្មវិធីឡេងកីឡាមិត្តភាព រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕
ដោយ ងូ សុមុនី





