មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់១០០% លើការងារថែទាំផ្លូវខួបដោយក្រាលល្បាយគ្រួស១ខ្សែ ប្រវែង១០គីឡូម៉ែត្រនៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទនិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អីវ អនុរដ្ឋលេខាធិការតំណាងគណៈកម្មការត្រួតពិនិត្យវាយតម្លៃ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន១ខ្សែដោយក្រាលល្បាយ គ្រួសប្រវែង១០គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រនិងសាងសង់លូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅក្នុងឃុំកកោះ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2025-No.012) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ផូ ផារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនិងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន។

ឯកឧត្តម ផូ ផារិទ្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។


ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានផ្តល់ផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយ គ្រួសប្រវែង១០០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន២កន្លែងដល់ប្រជាពលរដ្ឋប្រើប្រាស់ និងសូមផ្តល់ការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕
ដោយ ស៊ុម វណ្ណា




