លោក ហ្សេលេនស្គី៖ គណៈប្រតិភូអ៊ុយក្រែននឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅដើមសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូមកពីប្រទេសរបស់លោកនឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅដើមសប្តាហ៍ក្រោយ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមអ៊ិច (X) របស់សហរដ្ឋអាមេរិកថាគណៈប្រតិភូនោះនឹងត្រូវដឹកនាំដោយលោកនាយករដ្ឋមន្ត្រី យូលៀ ស្វ៊ីរីដេនកូ (Yulia Svyrydenko) ហើយនឹងរួមមានប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អេនឌ្រី យើរម៉ាក (Andriy Yermak) និងស្នងការគោលនយោបាយទណ្ឌកម្ម លោក វ្ល៉ាឌីស្លាវ វ្ល៉ាស៊ីអ៊ុក (Vladyslav Vlasiuk)។
លោក ហ្សេលេនស្គី បាននិយាយថា «ប្រធានបទដែលនឹងត្រូវបានពិភាក្សាក្នុងដំណើរទស្សនកិច្ចនោះ រួមមានការការពារដែនអាកាស ថាមពលនិងជំហានដាក់ទណ្ឌកម្ម។ បញ្ហានៃទ្រព្យសម្បត្តិដែលបង្កកក៏នឹងត្រូវបានពិភាក្សាជាមួយសហរដ្ឋអាមេរិកផងដែរ»។
លោកបាននិយាយថា ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនោះក៏កំពុងដំណើរការផងដែរ ដើម្បីបន្តការងារនៃសម្ព័ន្ធនៃឆន្ទៈ ហើយលោកជឿជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ចង់ឱ្យទីក្រុងគៀវ ចូលរួមនៅតុចរចា។
លោក ហ្សេលេនស្គី បាននិយាយបន្ថែមទៀត «ខ្ញុំគិតថា លោកចង់ឃើញបទឈប់បាញ់ និងការបញ្ចប់សង្រ្គាម ហើយខ្ញុំជឿថា នេះគឺជាគោលដៅរបស់លោកតាំងពីដំបូងមក។ យើងដឹងគុណចំពោះរឿងនេះ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





