ប្រធានាធិបតីតួកគីស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
លោក អឺដូហ្គែន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមNSosyal របស់តួកគីថា «ខ្ញុំរីករាយយ៉ាងខ្លាំងដែលកិច្ចចរចារបស់ក្រុមហាម៉ាស់-អ៊ីស្រាអែល ដែលបានធ្វើឡើងនៅក្នុង ទីក្រុង Sharm el-Sheikh របស់ប្រទេសអេហ្ស៊ីប ដែលតួកគីក៏បានរួមចំណែកផងដែរនោះ បានបញ្ចប់ជាមួយនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា»។
លោកបានបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ដែលបានបង្ហាញពីឆន្ទៈនយោបាយចាំបាច់ក្នុងការលើកទឹកចិត្តរដ្ឋាភិបាលអ៊ីស្រាអែលឱ្យយល់ព្រមទៅលើបទឈប់បាញ់គ្នាមួយ និងចំពោះប្រទេសជាបងប្អូនរបស់យើង គឺប្រទេសកាតា និងអេហ្ស៊ីប ដែលបានចូលរួមគាំទ្រយ៉ាងសំខាន់ក្នុងការសម្រេចបានកិច្ចព្រមព្រៀងនេះ»។
លោក អឺដូហ្គែន បាននិយាយថា ទីក្រុងអង់ការ៉ានឹងតាមដានឱ្យបានយ៉ាងដិតដល់នូវការអនុវត្តយ៉ាងតឹងរឹងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ហើយនឹងបន្តចូលរួមចំណែកក្នុងដំណើរការនេះ។
តួកគីក៏នឹងបន្តបញ្ចេញសំឡេងគាំទ្ររហូតដល់ «រដ្ឋប៉ាឡេស្ទីនឯករាជ្យអធិបតេយ្យ ដោយមានបូរណភាពទឹកដីពេញលេញ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃព្រំដែនឆ្នាំ១៩៦៧ ដែលមានហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន»។
ក្នុងឱកាសនេះ ខ្ញុំសូមគោរពដល់បងប្អូនជនរួមជាតិប៉ាឡេស្ទីនដែលបានស៊ូទ្រាំនឹងទុក្ខលំបាកដែលមិនអាចពិពណ៌នាបានអស់រយៈពេលពីរឆ្នាំតស៊ូដើម្បីជីវិត និងសេចក្តីថ្លៃថ្នូរក្រោមលក្ខខណ្ឌដ៏អមនុស្សធម៌ បាត់បង់កូនម្តាយ ឪពុក សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ ដែលសោកនាដកម្មទាំងអស់ដែលពួកគេបានស៊ូទ្រាំ ក៏មិនបានបំផ្លាញកិត្តិយសរបស់ពួកគេដែរ។
ផែនការ ២០ចំណុចដែលត្រូវបានប្រកាសជាលើកដំបូងកាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៥ រួមមានការដោះលែងអ្នកទោសអ៊ីស្រាអែលទាំងអស់ដែលត្រូវបានចាប់ខ្លួនជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន បទឈប់បាញ់ការរំសាយអាវុធរបស់ក្រុមហាម៉ាស់ និងការកសាងតំបន់ហ្គាហ្សាឡើងវិញ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





