មេដឹកនាំកូរ៉េខាងជើងជួបពិភាក្សាជាមួយប្រធានាធិបតីឡាវនៅទីក្រុងព្យុងយ៉ាង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានជួបពិភាក្សាជាមួយប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) និងបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឡាវសម្រាប់ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាច។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយទីភ្នាក់ងារ KCNA បានដកស្រង់ពីកិច្ចប្រជុំនេះថាបានបង្ហាញពី «ការរំពឹងទុក និងជំនឿជាក់ថាទំនាក់ទំនងប្រពៃណីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែរឹងមាំ»។
លោក គីម បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ថងលូនតំណាងឱ្យ «ការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង» របស់រដ្ឋាភិបាលលោកសម្រាប់ប្រទេសកូរ៉េខាងជើង ខណៈដែលមេដឹកនាំឡាវបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមរបាយការណ៍។
លោក ថងលូន បានធ្វើទស្សនកិច្ចចុងក្រោយនៅទីក្រុងព្យុងយ៉ាងក្នុងខែកញ្ញា ឆ្នាំ២០១១ ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអមដំណើរប្រធានាធិបតីឡាវ លោក ជុមម៉ាលី សាយ៉ាសូន (Choummaly Sayasone) សម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (Kim Jong-il) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





