អង្គការសហប្រជាជាតិជំរុញឱ្យប្រទេសនានាទទួលយកសំណើសន្តិភាពនៅតំបន់ហ្គាហ្សារបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យប្រទេសនានាចាប់យកឱកាសដែលបង្ហាញដោយផែនការស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីបញ្ចប់ជម្លោះដែលកំពុងតែបន្ត។ នេះបើយោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វេន ឌូចារិក (Stephane Dujarric)។
លោក ឌូចារិក បាននិយាយក្នុងអំឡុងពេលសន្និសីទអង្គការសហប្រជាជាតិថា «សំណើថ្មីៗរបស់លោកប្រធានាធិបតី ត្រាំបានបង្ហាញពីឱកាសដែលត្រូវតែចាប់យកដើម្បីនាំយកជម្លោះដ៏សោកនាដកម្មនេះឱ្យបានដល់ទីបញ្ចប់»។
លោកបានសង្កត់ធ្ងន់ទៅលើការគាំទ្រឥតងាករេរបស់អង្គការសហប្រជាជាតិចំពោះគំនិតផ្តួចផ្តើមសន្តិភាពនេះ ហើយបានសម្តែងក្តីសង្ឃឹមថាក្រុមប្រឹក្សាសន្តិសុខអង្គកាសហប្រជាជាតិនឹងគាំទ្រវាតាមរយៈដំណោះស្រាយមួយ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញផែនការ ២០ចំណុច ដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។ សំណើនេះអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងក្នុងរយៈពេល ៧២ម៉ោង។ ផែនការនេះក៏ចែងផងដែរថា ចលនាក្រុមហាម៉ាស់ និងបក្សពួកផ្សេងៗទៀតត្រូវតែលះបង់ការចូលរួមរបស់ពួកគេក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលវានឹងត្រូវបានប្រគល់ឱ្យទៅឱ្យគណៈកម្មាធិការប៉ាឡេស្ទីនបែបបច្ចេកវិទ្យា និងនយោបាយ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាអន្តរជាតិដែលដឹកនាំដោយលោក ត្រាំ។
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានយល់ព្រមប្រគល់អភិបាលកិច្ចនៃតំបន់ហ្គាហ្សាស្ទ្រីបទៅឱ្យគណៈកម្មាធិការប៉ាឡេស្ទីនដោយផ្អែកលើការឯកភាពទូទាំងប្រទេស។ ក្រុមហាម៉ាស់ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ និងប្រគល់សាកសពអ្នកស្លាប់ស្របតាមផែនការរបស់លោក ត្រាំ ផងដែរ ដោយបាននិយាយបន្ថែមថា ក្រុមចលនានេះនឹងចូលរួមក្នុងកិច្ចពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាស្ទ្រីបក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធប៉ាឡេស្ទីន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





