លោក ដូណាល់ ត្រាំ៖ ការដោះស្រាយបញ្ហានៅអ៊ុយក្រែនអាចពិបាកជាងនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានទទួលស្គាល់ថា ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនអាចជាកិច្ចការដ៏លំបាកជាងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ម៉ាក កានេយ (Mark Carney) ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកថា «ខ្ញុំគិតថា នេះជាការងាយស្រួលក្នុងការដោះស្រាយប៉ុន្តែវាបានប្រែក្លាយទៅជាប្រហែលជាពិបាកជាងនៅមជ្ឈិមបូព៌ា។ យើងនឹងឃើញមានអ្វីកើតឡើងនៅមជ្ឈឹមបូព៌ា»។
លោកបាននិយាយថា «អ្នកដឹងទេ? អ្វីៗកំពុងកើតឡើងទាក់ទងនឹងរុស្ស៊ីអ៊ុយក្រែន»។ លោកបានសំដៅទៅលើជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលថាវាជារឿងឆ្កួតមួយ ប៉ុន្តែលោកបាននិយាយថា លោកមានទំនាក់ទំនងល្អជាមួយនឹងលោក ពូទីន។ ទោះបីជាបែបនេះក្ដី លោកបាននិយាយថា លោក «ខកចិត្តនឹងលោក ពូទីន យ៉ាងខ្លាំង»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





