កីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ ក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលក្លាយជាមហាសេដ្ឋី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- សារព័ត៌មាន Bloomberg បានរាយការណ៍ថា កីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ (Cristiano Ronaldo)របស់ប្រទេសព័រទុយហ្គាល់ បានប្រែក្លាយទៅជាកីឡាករបាល់ទាត់ដំបូងគេដែលបានក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ១,៤ពាន់លានដុល្លារអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មាននេះបានបន្ថែមថា កីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានចូលទៅកាន់សន្ទស្សន៍មហាសេដ្ឋី Bloomberg បន្ទាប់ពីត្រូវបានវាយតម្លៃទៅលើទ្រព្យសម្បត្តិរបស់លោកជាលើកដំបូង។
សារព័ត៌មាន Bloomberg បានកត់សម្គាល់ថា អស់រយៈពេលជាយូរមកហើយ កីឡាករ រ៉ូណាល់ដូ រកប្រាក់បានប្រហាក់ប្រហែលនឹងកីឡាករ លីអុននែល មេសស៊ី (Lionel Messi) របស់ប្រទេសអាហ្សង់ទីន ដែលជាគូប្រជែងដ៏សំខាន់របស់លោកក្នុងវិស័យបាល់ទាត់ ប៉ុន្តែពួកគេបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ ក្នុងពេលដែលកីឡាករ រ៉ូណាល់ដូ បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ២០០លានដុល្លារអាម៉េរិកជាមួយក្លឹបបាល់ទាត់ Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចសន្យានេះត្រូវបានបន្តកាលពីក្នុងខែមិថុនា ហើយឥឡូវត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង ៤០០លានដុល្លារអាម៉េរិក។ សម្រាប់កីឡាករ មេសស៊ីលោកជាផ្នែកមួយនៃក្រុមបាល់ទាត់អាម៉េរិក Inter Miami តាំងពីឆ្នាំ២០២៣ មក។ ប្រាក់ឈ្នួលរបស់លោកមិនខ្ពស់ដូចកីឡាករ រ៉ូណាល់ដូ ទេ ប៉ុន្តែលោកនឹងមានភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់នោះនៅពេលដែលលោកចូលនិវត្តន៍។យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចធ្វើឱ្យលោកមានប្រៀបជាមួយនឹងគូប្រជែងដ៏យូរអង្វែងរបស់លោក។
កីឡាករ រ៉ូណាល់ដូ ដែលមានវ័យ ៤០ឆ្នាំបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៥ដង ពានរង្វាន់ UEFA European Championship និង Nations League ចំនួន ២ដង។ លោក គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមបាល់ទាត់ជម្រើសជាតិ ជើងឯកអឺរ៉ុប Champions League និង Club World Cup។ កីឡាករ រ៉ូណាល់ដូ ក៏ជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកបាន ៩០០គ្រាប់ក្នុងការប្រកួតផ្លូវការផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





