អាស៊ានរំពឹងថានឹងអាស៊ានរំពឹងថានឹងចុះហត្ថលេខាលើកញ្ចប់សេដ្ឋកិច្ចឌីជីថលនៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- អាស៊ានគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) នៅឆ្នាំក្រោយ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរបស់ប្លុកនេះកើនឡើងទ្វេដង។
ក្នុងអំឡុងពេលនៃកិច្ចចរចា DEFA ជុំទី១៤ នៅទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី វឌ្ឍនភាពនៃកិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងឈានដល់ ៧០%។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បានបង្ហើបឱ្យដឹងថា ក្រុមការងារបាននឹងកំពុងរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិសំខាន់ៗមួយចំនួន។
យោងតាមលោក អ៊ែរឡាងហ្កា បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ២៦៣ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ប្រហែល១ពាន់ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង DEFA តួលេខនេះអាចកើនឡើងទ្វេដងដល់ ២ពាន់ពាន់លានដុល្លារអាម៉េរិក។
ឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថានឹងនៅតែជាសេដ្ឋកិច្ចឌីជីថលឈានមុខគេក្នុងអាស៊ាន។ លោក អ៊ែរឡាងហ្កា បាននិយាយថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៣៦០ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ដែលកើនឡើងយ៉ាងខ្លាំងពីចំនួន ៩០ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤។ ពាណិជ្ជកម្មអេឡិចត្រូនិកនឹងដើរតួនាទីជាសសរស្តម្ភសំខាន់ដែលរួមចំណែកប្រហែល ១៥០ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។
លោកបាននិយាយបន្ថែមថា គណៈកម្មាធិការកិច្ចចរចាបានព្រមព្រៀងទៅលើបទប្បញ្ញត្តិជាអាទិភាពចំនួន០៥ ដែលត្រូវបានបញ្ចប់ គឺសេវាហិរញ្ញវត្ថុឌីជីថល ការបញ្ជូនតាមអេឡិចត្រូនិកដោយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការលើកលែងពន្ធនាំចូលសម្រាប់ប្រតិបត្តិការឌីជីថល ការមិនរើសអើងផលិតផលឌីជីថលការគ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ និងភាពបត់បែនក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





