សិង្ហបុរីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរី បានរួមចំណែកប្រមាណជិត ២០% ឬប្រហែល ១២៨ពាន់លានដុល្លារសិង្ហបុរី (៩៩,០៧ពាន់លានដុល្លារអាម៉េរិក) ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស និងបានបង្កើតការងារផ្នែកបច្ចេកវិទ្យាចំនួន២១៤.០០០ កាលពីក្នុងឆ្នាំ២០២៤។ នេះបើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) ។
អាជ្ញាធរ IMDA បាននិយាយថា ការរីកចម្រើនផ្នែកឌីជីថលរបស់ប្រទេសសិង្ហបុរីមិនត្រឹមតែត្រូវបានជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការធ្វើឌីជីថលកម្មនៅគ្រប់ឧស្សាហកម្មទាំងអស់ផងដែរ។ មួយវិញទៀត ចំនួនអ្នកជំនាញផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងពី ២០៨.៣០០នាក់កាលពីក្នុងឆ្នាំ២០២៣ដល់ ២១៤.០០០នាក់នៅក្នុងឆ្នាំ២០២៤។
តួនាទីការងារទាក់ទងនឹងបញ្ញាសិប្បនិមិ្មត (AI) ទិន្នន័យ និងសន្តិសុខសាយប័រ ត្រូវបានកត់ត្រានូវកំណើនលឿនបំផុតនៅក្នុងឆ្នាំ២០២៤។ ការកើនឡើងនៃអ្នកជំនាញផ្នែកបច្ចេកវិទ្យាត្រូវបានជំរុញជាចម្បងដោយវិស័យផ្សេងៗទៀតក្រៅពីវិស័យព័ត៌មាន និងទំនាក់ទំនង ដែលបង្ហាញពីការកើនឡើង ៣,៩% នៅក្នុងការងារបច្ចេកវិទ្យា ដែលលើសពីកំណើន ១,១% នៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង។
សរុបមក ការងារបច្ចេកវិទ្យាមានចំនួន ៥,៣% នៃការងារសរុបកាលពីក្នុងឆ្នាំ២០២៤ ដែលកើនឡើងពី ៥,២% កាលពីមួយឆ្នាំមុន។ ការកើនឡើងនៃការទទួលយក AI ដោយក្រុមហ៊ុននានា បានជំរុញឱ្យមានតម្រូវការសម្រាប់ជំនាញ AI ជាមួយនឹងការប្រកាសការងារផ្នែកបច្ចេកវិទ្យាដែលតម្រូវឱ្យមានជំនាញ AI ដោយកើនឡើងពី ១១% នៅក្នុងឆ្នាំ២០១៩ ដល់ ១៤% នៅក្នុងឆ្នាំ២០២៤។
អាជ្ញាធរ IMDA បានកត់សម្គាល់ថា ប្រាក់ខែសម្រាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២៥ នេះបន្ទាប់ពីកើនឡើង ១៣,៦% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងឆ្នាំ២០២៣។ប្រាក់ខែជាមធ្យមសម្រាប់បុគ្គលិកផ្នែកបច្ចេកវិទ្យាក្នុងស្រុកមានចំនួន៧,៩៥០ដុល្លារសិង្ហបុរី បើធៀបនឹងប្រាក់ខែចំនួន ៤,៨៦០ដុល្លារសិង្ហបុរីសម្រាប់អ្នកធ្វើការដែលជានិវាសនជនទូទៅនៅក្នុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





