វៀតណាមស្នើឡើងនូវសសរស្តម្ភចំនួន៣ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម លោក កៅ ហ៊ុយ (Cao Huy) បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមវេទិកាជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ាន(ASCC) ដែលបានធ្វើពិធីបើកនៅទីក្រុងសេឡាងហ្គោររបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើសហគមន៍តំបន់ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។
ដោយត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ក្នុងតួនាទីរបស់ខ្លួនជាប្រធាន ASCC វេទិកានេះបាននាំមន្ត្រីរួមគ្នាឆ្ពោះទៅរកគោលដៅរួម ចំពេលដែលមានការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
នៅក្នុងសុន្ទរកថា លោក ហ៊ុយ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាបន្ទាន់នៃការធានាឱ្យមានការចូលរួមនៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថល។
លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់វៀតណាមចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលខណៈដែលជាគោលនយោបាយជាតិកំពូល ដោយបានពណ៌នាថា កត្តាទាំងនោះជាកម្លាំងដើម្បីសម្រេចបាននូវការអភិវឌ្ឍលឿន និងប្រកបដោយចីរភាព។ វៀតណាមកំពុងកំណត់គោលដៅមួយក្នុងចំណោមគោលដៅកំពូលទាំង៣០ របស់ពិភពលោកនៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលលោកត្រឹមឆ្នាំ២០៤៥។
ដើម្បីធានាបាននូវលទ្ធភាពទទួលបានការអប់រំ និងការងារដោយស្មើភាពនៅទូទាំងតំបន់អាស៊ាន លោកបានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗចំនួន៣ ដែលវៀតណាមកំពុងស្វែងរក។ ទីមួយ គឺសមធម៌នៃការអប់រំឌីជីថល។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ដាក់ចេញនូវគោលនយោបាយជាក់ស្តែងឱ្យបានឆាប់រហ័សដើម្បីភ្ជាប់គម្លាតឌីជីថលជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ ដូចជាស្ត្រី ជនជាតិភាគតិច និងអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។
ទីពីរ គឺការទទួលបានការងារដោយស្មើភាព។ ជាមួយនឹង AI លោកបានជំរុញឱ្យបង្កើនការបង្កើនសមត្ថភាពកម្លាំងពលកម្មឡើងវិញ និងបង្កើនជំនាញ ដោយទទូចថា ការជ្រើសរើស និងការលើកកម្ពស់ត្រូវតែមានតម្លាភាព និងយុត្តិធម៌ ដើម្បីរក្សាស្ថិរភាពសង្គម។
ទីបី គឺអភិបាលកិច្ចរួម។ លោកបានជំរុញថា ដំណោះស្រាយ AI ដែលត្រូវបានអនុវត្តនៅក្នុងអភិបាលកិច្ចថ្នាក់ជាតិ និងសាជីវកម្ម បង្កប់នូវស្តង់ដារសីលធម៌ គណនេយ្យភាព និងការការពារសិទ្ធិមនុស្ស ដោយធានាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីកាត់បន្ថយវិសមភាពសង្គមកាន់តែស៊ីជម្រៅ។
លោក ហ៊ុយ បានអះអាងសារជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះចក្ខុវិស័យរបស់អាស៊ានចំពោះសហគមន៍ដែលមានការឆ្លើយតប បរិយាប័ន្ន និងនិរន្តរភាព ដែលជាការផ្តល់អំណាចដល់បុគ្គលគ្រប់រូបដើម្បីបង្ហាញនូវសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





