កាហ្សាក់ស្ថាននឹងជំរុញការនាំចេញប្រេងប្រចាំខែទៅកាន់ប្រទេសអាល្លឺម៉ង់ដល់ ១៣០.០០០តោននៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ KazMunayGas (KMG) បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកាហ្សាក់ស្ថាននឹងបង្កើនការនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសអាឡឺម៉ង់ដល់ ១៣០.០០០តោនក្នុងមួយខែក្នុងឆ្នាំ២០២៦។
បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានក្រុមហ៊ុន KMG លោក អាសខាត់ ខាសសេនូវ (Askhat Khassenov) និងលោក ចូហាននេស ប្រេមឺ (Johannes Bremer) នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្រាញ់ប្រេងអាឡឺម៉ង់ Rosneft Deutschland GmbH លើកិច្ចព្រមព្រៀងដែលមានស្រាប់ស្តីពីការផ្គត់ផ្គង់ប្រេងកាហ្សាក់ស្ថានទៅកាន់ប្រទេសអាល្លឺម៉ង់ត្រូវបានបន្តរហូតដល់ចុងឆ្នាំ២០២៦។
នៅក្រោមកិច្ចព្រមព្រៀងនេះ ការចែកចាយប្រេងប្រចាំខែរបស់ប្រតិបត្តិករតំបន់ Karachaganak នឹងកើនឡើងពី ១០០.០០០ ទៅ១៣០.០០០តោន។
វាត្រូវបានគេរាយការណ៍ថា ប្រទេសកាហ្សាក់ស្ថានរំពឹងថានឹងដឹកជញ្ជូនប្រេងចំនួន ១,៧លានតោនទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈប្រព័ន្ធបំពង់បង្ហូរ Druzhba នៅចុងឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





