ក្រសួងបរិស្ថានប្រកាសចែកធុងសំរាមដល់៦ខេត្តគោលដៅ ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាតនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- កម្ពុជាស្អាត គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស លោកអ្នកគ្រូ អ្នកគ្រូ ក្រសួងបរិស្ថាន បានប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីប្រកាសចែកធុងសំរាមដល់ខេត្តគោលដៅចំនួន៦នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលមានគោលបំណងលើកកម្ពស់ភាពស្អាត ពេញដោយបរិស្ថានល្អនៅតាមមូលដ្ឋាន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់ទុកការបែងចែកធុងសំរាមនេះជាការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញ ភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។ ហើយការអនុវត្តនេះទៀតសោត គឺស្របតាម យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ "ភាពស្អាត" "ភាពបៃតង" និង "ចីរភាព"។ ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តថា នឹងបន្តបែងចែកធុងសំរាមនេះឱ្យបានដល់ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០៕


ដោយ៖ មករា





