ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អញ្ជើញបិទសិក្ខាសាលារបស់អ្នកជំនាញសារមន្ទីរនៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីអំពី «មូលដ្ឋាននៃការបង្កើត និងការគ្រប់គ្រងសារមន្ទីរ ប្រកបដោយចីរភាព អនាគតសារមន្ទីរក្នុងសហគមន៍ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស» ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានសារមន្ទីរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ព្រមទាំងសិក្ខាកាមសរុបប្រមាណ៨០រូប។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា សិក្ខាសាលានេះគឺជាកម្មវិធីលើកទី៤ ហើយដែលក្រុមការងារនាយកដ្ឋានសារមន្ទីរបានរៀបចំ ហើយសិក្ខាសាលានេះទៀតសោត ត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Online និងធ្វើផ្ទាល់នៅឆ្នាំបន្ទាប់ៗទៀត ដែលកាលពីឆ្នាំ២០២៣ កន្លងទៅនោះគឺធ្វើឡើងនៅខេត្តរតនគិរី និងឆ្នាំ២០២៤ នៅខេត្តកោះកុង ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់។

ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣៖ ទី១. បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីចូលរួមអបអរសាទរទិវាសារមន្ទីរអន្តរជាតិ ដែលកន្លងមកប្រធានបទនេះមានការផ្លាស់ប្តូរជារៀងឆ្នាំដោយគណៈកម្មាធិការ ICOM ហើយប្រធានបទសម្រាប់ឆ្នាំ២០២៥ នេះ គឺផ្តោតសំខាន់លើ អនាគតសារមន្ទីរក្នុងសហគមន៍ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ទី២. ផ្សព្វផ្សាយ និងលើកទិសដៅអនុវត្តផែនការការងាររៀបចំពិព័រណ៍សារមន្ទីរខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយ សំបូរទៅដោយសក្តានុពលបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី៖ បុរាណដ្ឋាននៅក្នុងខេត្ត និងសក្តានុ ពលសិប្បកម្មសិល្បៈ រួមមានការផលិតក្អម ឆ្នាំង។ល។ និងទី៣. ផ្តល់ឱកាសជូនសិក្ខាកាមទាំងអស់បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក៏ដូចជាកិច្ចសហការល្អរវាង អ្នកជំនាញជាតិនិងអន្តរជាតិ លើផ្នែកស្រាវជ្រាវ អភិរក្ស និងការដាក់តាំងបង្ហាញសមុច្ច័យដែលបានមកពីការសិក្សាស្រាវជ្រាវបុរាណវិទ្យា។

ថ្លែងបិទបញ្ចប់នៃអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់តាមរយៈកំណត់បង្ហាញរបស់ក្រុមការងារសិក្ខាសាលានារយៈពេលពីរថ្ងៃនេះ បង្ហាញថា សិក្ខាកាមរបស់យើងទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនក្នុងកិច្ចការងាររៀបចំសារមន្ទីរ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងទាំងមូល។ ការចូលរួមរបស់សិក្ខាកាមនាពេលនេះគឺជាធាតុចូលយ៉ាងសំខាន់បន្ថែមទៀតជូនមន្ត្រីជំនាញសារមន្ទីរ និងមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការរៀបចំ ទុកដាក់សមុច្ច័យ ការរៀបចំពិព័រណ៍ ការអភិរក្ស និងការផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ វាគ្មិន៥រូបចូលរួមធ្វើបទបង្ហាញ ហើយសិក្ខាកាមដែលបានចូលរួមកម្មវិធីខាងលើ ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់អំពីការចូលរួមផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





