ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាបផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរសព្ទ “មតិយើង” ជូនដល់មន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រី
AKP សៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- មន្ត្រីការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការផ្សពវផ្សាយពីតួនាទី ភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរសព្ទ “មតិយើង” ជូនដល់មន្ត្រីរាជការស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក មេឃុំ មេភូមិ ជំនួយការភូមិ ប្រមាណជាង២០០នាក់ ក្រោមវត្តមានលោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក សោម សាមេត អភិបាលរងស្រុក ដែលកម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក បានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និងរាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុងស្រុកនីមួយៗ។


ចំណែក លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានឱ្យដឹងផងដែរថា ការិយាល័យប្រជាពលរដ្ឋជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ ការិយាល័យប្រជាពលរដ្ឋនេះដែរក៏ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត ដែលមានតួនាទីជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយលោកបានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋគឺស្ថិតនៅជាប់ជាមួយអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមានតុពិសេសជាអចិន្ត្រៃយ៍នៅទីនោះផងដែរ៕


ដោយ ហង្ស សៀក





