ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយការជូនដំណឹងឱ្យដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី
AKP កណ្ដាល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី សូមរួសរាន់អញ្ជើញមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋានខ្លួន តាមការកំណត់របស់មន្ត្រីជំនាញរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសចែកបណ្ណកម្មសិទ្ធិនេះតទៅ ចៀសវាងមានការបង់សេវាលើកការថែរក្សាបណ្ណជូនម្ចាស់កម្មសិទ្ធ។

ការអំពាវនាវនេះរបស់អភិបាលខេត្តកណ្ដាលនេះបានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ២៣៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន១៨ភូមិ ស្ថិតនៅឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិល ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅពេលទទួលបានបណ្ណហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អកុំឱ្យបាត់បង់ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់។ នៅពេលមានការបាត់បង់គឺតម្រូវឱ្យធ្វើបណ្ណទុតិយតាឡើងវិញ ហើយចំពោះការចេញបណ្ណទុតិតានេះ ពិតជាពិបាកស្មុគស្មាញណាស់ ត្រូវទាមទារការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងចេញជូន។ បើមិនមានលក្ខណៈត្រឹមត្រូវនោះទេ អាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រោយទៀតក្នុងការទិញ លក់ បង្កជាវិវាទផ្សេងៗ។ ដូច្នេះនៅពេលដែលមានការបាត់បង់បណ្ណកម្មសិទ្ធិដីធ្លី សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់ទៅជួបជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានខ្លួន ដើម្បីផ្ដល់ព័ត៌មាន ឯកសារពាក់ព័ន្ធនានា ក្នុងការសុំធ្វើបណ្ណបានទុតិយតាត្រឹមត្រូវស្របតាមច្បាប់។

ឯកឧត្តមបានស្នើដល់អាជ្ញាធរស្រុកត្រូវបន្តគិតគូរពីការសម្អាតបរិស្ថាន និងការទុកដាក់សំរាមសំណល់រឹងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ បរិស្ថានល្អផ្តល់នូវភាពស្អាត សេចក្តីថ្លៃថ្នូរ មានសេរីសួស្តី និងសុខភាពល្អ។ សំរាមគឺកើតចេញពីយើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែចូលរួមសម្អាតថែទាំទាំងអស់គ្នា ត្រូវនាំគ្នាដាំដើមឈើ ដើមផ្កាលម្អបរិស្ថាន ដោយចាប់ផ្ដើមពីជុំវិញខ្លួនយើង ផ្ទះយើង ភូមិយើង ស្រុកយើង ខេត្តយើង និងប្រទេសយើងទាំងមូល។
ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកទៅដល់គណៈបញ្ជាការឯកភាពស្រុកគ្រប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសនោះគឺ ត្រូវមានវិធានការទប់ស្កាត់ ករណីក្មេងទំនើងកុំឱ្យកើតឡើងក្នុងមូលដ្ឋានជាដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការក្នុងការដោះស្រាយបញ្ហាទឹកជំនន់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ និងកូនក្មេង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





