ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងករណីមានផ្ទុះជំងឺសត្វ ត្រូវផ្តល់ព័ត៌មានទៅមន្រ្តីកសិកម្មឃុំជាបន្ទាន់ ដើម្បីចុះទៅពិនិត្យ ព្យាបាលទាន់ពេលវេលា
AKP កំពង់ចាម ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋថា បើក្នុងករណីមានផ្ទុះជំងឺសត្វ ត្រូវតែផ្តល់ព័ត៌មាន និងរាយការណ៍ទៅមន្រ្តីកសិកម្មឃុំជាបន្ទាន់ ដើម្បីឱ្យពួកគាត់ចុះទៅពិនិត្យ ព្យាបាលទាន់ពេលវេលា ទប់ស្កាត់បានរាល់ការរាតត្បាតនៃជំងឺឆ្លងជំងឺពីសត្វទៅសត្វមួយទៀតហើយបើសត្វមានជំងឺសូមកុំបរិភោគព្រោះវាអាចបង្កឲ្យកើតជំងឺផ្សេងៗ គ្រោះថ្នាក់ដល់សុខភាពរបស់យើង។ បងប្អូនត្រូវតែយក សត្វចិញ្ចឹមរបស់ខ្លួនទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងបែបនេះក្នុងឱកាសញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។


ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ប្រជាកសិករដែលមានសត្វចិញ្ចឹមជួយផ្សព្វផ្សាយទៅដល់ បងប្អូន សាច់ញាតិ និងអ្នកចិញ្ចឹមសត្វទាំងអស់ ត្រូវនាំសត្វពាហនៈ របស់ខ្លួនទាំងតូច ទាំងធំ យកមកចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគផ្សេងៗ ដើម្បីការពារសុខភាពសត្វ គោ ក្របី រួមចំណែកទប់ស្កាត់ពីជំងឺអាសន្នរោគ ដែលជាមេរោគបង្កហានិភ័យដល់សត្វចិញ្ចឹមរបស់ខ្លួន៕
ដោយ ឆាយ ម៉ុត





