វេទិកាសាធារណៈដើម្បីពិភាក្សាលើការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅក្នុងមូលដ្ឋាន
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកិច្ចពិភាក្សាក្នុងវេទិកាសាធារណៈដើម្បីពិភាក្សាលើការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការទទូលយកព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់ និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ព្រមទាំងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។

វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅនៅវត្តអង្គពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ជាតិនិងក្រោមជាតិ ជាច្រើនរូប។

លោកជំទាវ ឈី វិជ្ជរ៉ា បានគូសបញ្ជាក់ថា គោលដៅរបស់វេទិកានេះគឺដើម្បីលុបបំបាត់គម្លាតរវាងរដ្ឋបាល និងប្រជាពលរដ្ឋ និងបានជំរុញឱ្យប្រជាពលរដ្ឋក្លាហានលើកឡើងនូវកង្វល់ និងបញ្ហាដែលកំពុងជួបប្រទះពិតប្រាកដ ដោយមិនមានការលាក់លៀម។ វេទិកាទទួលបានកង្វល់ចម្បងរបស់ពលរដ្ឋព្រមទាំងបានស្នើសុំឱ្យក្រុមការងារជួយពន្លឿនការចុះបញ្ជី និង ជួយទម្លាក់ប្លង់កម្មសិទ្ធិឱ្យបានរួចរាល់ក៏ដូចជាជួយសម្របសម្រួលដោះស្រាយរឿងក្តីដែលអូសបន្លាយ និងបញ្ហាចោរកម្មបានបង្ករអសន្តិសុខក្នុងមូលដ្ឋាន។

ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើកពីតម្រូវការចាំបាច់ក្នុងការជួសជុលផ្លូវលំដែលខូចខាតខ្លាំងចំនួន២ខ្សែជាពិសេសផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយទៀត ដែលបង្កការលំបាកក្នុងការដឹកជញ្ជូនកសិផល លើសពីនេះ ក៏មានសំណូមពរសុំអន្តរាគមន៍លើប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កើនទិន្នផលកសិកម្ម ស្នើមណ្ឌលសុខភាព។ ពលរដ្ឋខ្លះបានស្នើសុំឱ្យមានការពង្រឹងគុណភាព និងល្បឿននៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ឃុំ និងស្រុក ដើម្បីកុំឱ្យពួកគេត្រូវចំណាយពេល និងថវិកាច្រើនក្នុងការធ្វើដំណើរទៅមក។

បន្ទាប់ពីបានស្តាប់នូវបញ្ហាទាំងអស់នេះ លោកជំទាវ ឈី វិជ្ជរ៉ា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមការងារថានឹងមិនទុកឱ្យបញ្ហាណាមួយត្រូវបានមើលរំលងឡើយ។ បញ្ហាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្រុក និងឃុំ ដូចជាការជួសជុលផ្លូវលំតូចៗដោយប្រើប្រាស់ថវិកាមូលដ្ឋាន និងការកែលម្អគុណភាពសេវារដ្ឋបាល ត្រូវបានប្រគល់ភារកិច្ចឱ្យលោកអភិបាលស្រុក និងមេឃុំចាត់ចែងអនុវត្តភ្លាមៗចំពោះករណីវិវាទដីធ្លីដែលស្មុគស្មាញ និងសំណូមពរសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្រុមការងារជំនាញត្រូវបានណែនាំឱ្យរៀបចំរបាយការណ៍បច្ចេកទេសលម្អិត និងដាក់ជូនទៅរដ្ឋបាលខេត្ត និងទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងស្នើសុំថវិកាជាអាទិភាព ជាពិសេសលោកជំទាវបានធ្វើការដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ អជ្ញាធរមន្ត្រីស្រុក ទាំងអស់ឱ្យបម្រើប្រជាពលរដ្ឋប្រកបដោយ សុជីវធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕
ដោយ លឹម សាន្ត





