ក្រសួងមហាផ្ទៃជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យពង្រឹងការងារមនុស្សធម៌ និងសន្តិសុខជូនប្រជាពលរដ្ឋភៀសសឹក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំដ៏សំខាន់មួយដើម្បីសម្របសម្រួល និងរៀបចំវិធានការចាំបាច់នានា ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះស្ថានភាពដែលមានសង្គ្រាមកើតឡើងនៅតាមព្រំដែនពីការឈ្លានពានរបស់ថៃ ដោយកិច្ចប្រជុំបានធ្វើនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដែលផ្តោតជាសំខាន់លើការរៀបចំ ទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្ដោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋភៀសសឹក ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីនានាជុំវិញខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីសារៈសំខាន់ជាចម្បងបំផុតនៃការត្រៀមលក្ខណៈជាមុន និងការឆ្លើយតបឱ្យបានឆាប់រហ័សចំពោះបញ្ហាមនុស្សធម៌ និងសន្តិសុខដែលបង្កឡើងដោយស្ថានភាពសង្គ្រាមនៅតំបន់ព្រំដែន និងបានជំរុញដល់អាជ្ញាធរខេត្តទាំងអស់ត្រូវពង្រឹងកិច្ចសហការឱ្យបានស្អិតរមួត រវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីធានាថាការរៀបចំជម្រកស្នាក់នៅបណ្ដោះអាសន្នមានលក្ខណៈសមរម្យ និងមានសុវត្ថិភាពខ្ពស់បំផុត។ ផ្តោតការយកចិត្តទុកដាក់ លើការដឹកជញ្ជូនប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយត្រូវរៀបចំផែនការដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងច្បាស់លាស់។ ធានាការផ្ដល់សេវាសាធារណៈ និងសុខាភិបាល ដូចជាចំណីអាហារ ទឹកស្អាត ថ្នាំសង្កូវ ការថែទាំសុខភាពបឋម និងអនាម័យ ជូនពលរដ្ឋដែលភៀសសឹកឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់។ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន និងតំបន់ជម្រកស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើស និងធានាបាននូវភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្តេជ្ញា និងរាយការណ៍ថា អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីអនុវត្តនូវរាល់ការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនការសកម្មភាពជាក់លាក់ ត្រូវបានដាក់ចេញដើម្បីកំណត់ទីតាំង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្ដោះអាសន្នសម្រាប់ទទួលពលរដ្ឋរាប់ពាន់នាក់ដែលអាចនឹងភៀសខ្លួន។ ក្រុមការងារជំនាញ ផ្នែកមនុស្សធម៌ ដឹកជញ្ជូន និងសុខាភិបាល ត្រូវបានចាត់តាំងឱ្យប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ត្រៀមឆ្លើយតបគ្រប់ស្ថានការណ៍។ ធនធានចាំបាច់ ដូចជាសម្ភារស្នាក់នៅ ស្បៀង និងក្រុមគ្រូពេទ្យ ចាប់ផ្តើមត្រូវបានប្រមូលផ្តុំ និងតម្រៀបទុកជាមុន។


ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ជីវិត សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងដែលអាជ្ញាធរខេត្តត្រូវតែការពារ និងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីស្ថានភាពសង្គ្រាមនៅតាមព្រំដែន៕
ដោយ ឈុន សារ៉ាត





