អភិបាលរងខេត្តបន្ទាយមានជ័យជំរុញមណ្ឌលសុខភាពទាំងអស់បន្តពង្រឹងគុណភាពសេវា អនាម័យ និងភាពរួសរាយរាក់ទាក់
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញដោយលើកទឹកចិត្តឱ្យមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តពង្រឹងគុណភាពសេវា អនាម័យ និងភាពរួសរាយរាក់ទាក់ ដើម្បីក្លាយជាអង្គភាពគំរូពិតប្រាកដ និងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងថ្នាក់ជាតិ។ ការក្រើនរម្លឹកបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក យឹម សំណាង ដឹកនាំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលថ្នាក់ខេត្ត ចុះពិនិត្យវាយតម្លៃ និងជ្រើសរើសអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពណាំតៅ ស្ថិតនៅក្នុងភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ ការចុះពិនិត្យនេះមានគោលបំណងដើម្បីជ្រើសរើសមណ្ឌលសុខភាពចំនួន២ ទៅប្រកួតប្រជែងនៅថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យនោះ លោក យឹម សំណាង តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ផ្តោតទៅលើសារៈសំខាន់នៃការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ជាពិសេសនៅក្នុងវិស័យសុខាភិបាល ដែលជាវិស័យដ៏សំខាន់បំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមណ្ឌលសុខភាពណាំតៅ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្ថែមនូវការណែនាំផ្នែកបច្ចេកទេស និងជំនាញ ដោយបានសង្កត់ធ្ងន់លើលក្ខណៈវិនិច្ឆ័យសំខាន់ៗនៃការវាយតម្លៃ ដូចជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គុណភាពនៃការព្យាបាល ការផ្តល់ព័ត៌មានដល់អ្នកជំងឺ និងការចូលរួមរបស់សហគមន៍។ លោកបានណែនាំឲ្យបុគ្គលិកទាំងអស់បន្តអនុវត្តតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល និងខិតខំបំពេញឯកសារវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្លុះបញ្ចាំងពីសមិទ្ធផលពិតប្រាកដដែលមណ្ឌលសុខភាពសម្រេចបាន។

សូមបញ្ជាក់ថា សកម្មភាពនៃការចុះពិនិត្យវាយតម្លៃនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមការងារបានពិនិត្យលម្អិតទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារពេទ្យ ឯកសាររដ្ឋបាល គុណភាពសេវា និងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ក្នុងការជ្រើសរើសមណ្ឌលសុខភាពចំនួន ២ សម្រាប់ត្រៀមទៅប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ ឆ្នាំ២០២៥នេះ៕
ដោយ ឈុន សារ៉ាត





