នាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាថ្ងៃទី០៩ ខែតុលានេះ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។
នាយករដ្ឋមន្ត្រី ទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។
សូមបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕

ដោយ៖ រិទ្ធី





